ភ្នំពេញ៖ សាលាដំបូងខេត្ដស្វាយរៀង បានកាត់ទោសបុរសម្នាក់ ដែលប្រើអំពើហិង្សា វាយធ្វើបាបកូនស្រីបង្កើតដូចសត្វធាតុ នៅក្រុងបាវិត ដាក់ពន្ធនាគាររយៈពេល ៣ឆ្នាំ។
លោក ខាំ សុផារី ព្រះរាជអាជ្ញាខេត្តស្វាយរៀង បានថ្លែងឲ្យដឹងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ថា ករណីនេះតុលាការបាន ធ្វើនីតិវិធីបង្ហាញខ្លួនភ្លាម ហើយកាត់ទោសប្រកាសសាលក្រម ដាក់ពន្ធនាគារ រយៈពេលបីឆ្នាំតែម្ដង ហើយឃុំខ្លួនតាមអំណាចសាលក្រមតែម្ដង មិនមែនតាមដីកានោះទេ។
លោក ខាំ សុផារី បានបន្តថា តំណាងអយ្យការបាន ចោទប្រកាន់បុរសខាងលើ ពីបទហិង្សាដោយចេតនា មាត្រា២១៩ នៃក្រមព្រហ្មទណ្ឌ។
សូមរំលឹកថា ស្ដ្រីម្នាក់ត្រូវបានឪពុកបង្កើតប្រើប្រាស់ អំពើហិង្សាដាក់យ៉ាងដំណំ ហើយត្រូវគេថតវីដេអូបាន ចែកចាយនៅតាមបណ្ដាញសង្គម។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅ ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ រហូតដល់ព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ជនដៃដល់ទើបត្រូវបានកម្លាំង នគរបាលចាប់ខ្លួន ក្រោយឃើញវីដេអូចែកចាយ នៅលើបណ្ដាញសង្គម។
សមត្ថកិច្ចបានឲ្យដឹងផងដែរថា កន្លងទៅជនដៃដល់ជាឪពុក តែងតែបង្កបញ្ហានៅក្នុងគ្រួសារជាញឹកញាប់ ហើយសមត្ថកិច្ចក៏ធ្លាប់ហៅមកអប់រំ ដើម្បីកុំឲ្យបង្កហិង្សានៅក្នុងគ្រួសារបន្តទៀតដែរ ប៉ុន្ដែជនសង្ស័យមិនកែខ្លួន នៅតែបោករបស់របរក្នុងផ្ទះ ទើបប្រពន្ធទ្រាំលែងបានក៏រត់ទៅភ្នំពញ ចោលបន្សល់ទុកកូនស្រី៣នាក់ នៅក្នុងបន្ទុកគ្រួសារ។
ក្រោយសមត្ថកិច្ចចាប់ខ្លួននិងសួរនាំ ជនសង្ស័យបានសារភាពថា មូលហេតុដែលខ្លួនប្រើអំពើហិង្សាលើកូនស្រី ក៏ព្រោះតែខឹងណែនាំកូនមិនស្ដាប់ រឿងលេងទូរសព្ទនៅពេលយប់៕