ក្មេងស្ទាវដេញកាប់ចាក់គ្នា ដូចរឿងហុងកុង នៅទំនប់ព្រែកជីក នៃខេត្តស្វាយរៀង (Video)

0

ភ្នំពេញ៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឱ្យដឹងថា តំបន់ទំនប់ព្រែកជីក ស្ថិតនៅក្នុងភូមិថ្មី ឃុំត្រពាំងស្តៅស្រុករមាសហែក ខេត្តស្វាយរៀង មានករណីក្មេងស្ទាវៗដេញកាប់ចាក់គ្នា ដូចក្នុងរឿងភាពយន្តហុងកុង ដែលកំពុងបង្កការភ័យខ្លាច ដល់អ្នកទៅលេងកម្សាន្ត នៅទីនោះយ៉ាងខ្លាំង ។

បញ្ហានេះ ប្រជាពលរដ្ឋបានសំណូមពរ ឱ្យសមត្ថកិច្ចមេត្តាជួយមាន វិធានការការពារសន្តិសុខ និងសុវត្ថិភាពដល់ប្រជាពលរដ្ឋ ផង ព្រោះតំបន់នោះក្លាយជា តំបន់ទេសចរណ៍មួយទៅហើយ សម្បូរអ្នកទៅលេងច្រើនណាស់។

ឆ្លើយតបចំពោះក្តីកង្វល់នេះ នគរបាលស្រុករមាសហែក អះអាងថា ករណីនេះពិតជាកើតមានពិតមែន តែពុំបណ្តាលឱ្យមានមនុស្សរងរបួសទេ ដោយពេលកើតហេតុកម្លាំង សមត្ថកិច្ចនគរបាលប៉ុស្តិ៍ ដែលប្រចាំការនៅទីនោះ បានចេញទៅបង្ក្រាប ក៏ប៉ុន្តែពួកយុវជនទាំងនោះ បានបំបែកហ្វូងគ្នាអស់ទៅ ។

សូមបញ្ជាក់ជូនផងដែរថា ជារៀងរាល់ថ្ងៃនៅចំណុច ទំនប់ព្រែកជីកខាងលើ គឺមានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងស្តៅ នៅប្រចាំការជាប់ជាប្រចាំ ដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលមកលេងទីនោះផងដែរ ៕