ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើសុំវ៉ាក់សាំង ប្រឆាំងនឹងជំងឺកូវីដ១៩ ពីប្រទេសរុស្ស៊ី ដើម្បីទប់ស្កាត់ ការឆ្លងរាលដាល ជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ខណៈប្រទេសរុស្ស៊ី បានប្រកាសពីជោគជ័យ នៃការរកឃើញវ៉ាក់សាំង ប្រឆាំងនឹងជំងឺកូវីដ១៩ កាលពីពេលថ្មីៗនេះ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន ។
ក្នុងជំនួបជាមួយលោក Anatoly BOROVIK ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ទើបតែងតាំងថ្មីប្រចាំកម្ពុជានាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០សម្ដេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ អំពីជំនួយរបស់រុស្ស៊ី មកកម្ពុជា ដែលជាមូលដ្ឋានគ្រឹះ ដ៏សំខាន់ សម្រាប់ស្វែងរកសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ជាពិសេសការជំនួយលើវិស័យអប់រំ ដែលបានបណ្តុះបណ្តាល នូវធនធានមនុស្សល្អៗ សម្រាប់បម្រើការងារ នៅក្នុងប្រទេសកម្ពុជា ដែលបានជួយជំរុញឲ្យ កម្ពុជារីកចម្រេីន រហូតមកដល់ពេលនេះ។
លើសពីនេះទៅទៀត សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានសំដែងនូវការអបអរសាទរ ចំពោះរុស្ស៊ីផងដែរ ដែលបានរកឃើញវ៉ាក់សាំង ប្រឆាំងនឹងជំងឺ Covid-19 ។
សម្ដេចបានមានប្រសាសន៍ថា ការរកឃើញវ៉ាក់សាំងប្រឆាំងនឹងជម្ងឺ Covid 19 នេះ អាចជួយដល់ពិភពលោកយើងក្នុងការប្រយុទ្ធប្រឆាំងជំងឺដែលកំពុងធ្វើអោយមានបញ្ហាប្រឈមជាច្រេីនរួមទាំងញ្ហាសេដ្ឋកិច្ច សង្គមនិងការទំនាក់ទំនងរវាងប្រទេសជាច្រេីននៅក្នុងពិភពលោក។
ទន្ទឹមនឹងនោះដែរ សម្តេចតេជោ ក៏បានស្នេីសុំដល់រុស្សី ផ្តល់នូវជំនួយថ្នាំ វ៉ាក់សាំងកូវីដ១៩ ដល់កម្ពុជា ក្នុងការទប់ស្កាត់ ការឆ្លងរាលដាល ជំងឺកូវីដ១៩នៅក្នុងប្រទេស។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួនសរុប ២៧៥នាក់ (ស្រី ៥៤នាក់ និងបុរស ២២១នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន២៧៤នាក់ (ស្រី៥៤នាក់ និងបុរស២២០នាក់) និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញចំនួន០១នាក់ ៕