ជនសង្ស័យមួយក្រុម ដេញកាប់យុវជនមួយក្រុមទៀត បំណងប្លន់ម៉ូតូ រហូតឈានដល់ការផ្ទុះអាវុធ (Video)

0

ភ្នំពេញ៖ យុវជនម្នាក់ក្នុងចំណោមមិត្តភក្តិ ៦ទៅ៧នាក់ បានរបួសក្បាលត្រូវបញ្ចូនទៅមន្ទីរពេទ្យ  ខណៈពួកគេជិះម៉ូតូឌុបគ្នា ជូនមិត្តភក្តិទៅផ្ទះក៏ជួបក្រុមជនសង្ស័យ មានគ្នាប្រមាណជាង ១០នាក់ជិះម៉ូតូដេញកាប់ ព្រមទាំងផ្ទុះអាវុធមួយគ្រាប់ កាលពីវេលាម៉ោង ១១  និង៣០នាទីយប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចមុខស្ថានីយទូរទស្សន៍ហង្សមាស តាមបណ្ដោយផ្លូវថៃហ្គ័រ ក្នុងសង្កាត់ព្រែកឯង  ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ  ។

បើតាមសម្ដីយុវជនរងគ្រោះ ២ទៅ៣នាក់ ដែលស្ថិតក្នុងសភាពរឿងហេតុខាងលើ សុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា  ពួកគេមានគ្នាប្រមាណ ៧នាក់ បានជិះម៉ូតូ៣គ្រឿងឌុបគ្នា ចេញពីស្ពានព្រែកសំរោង និងឆ្លងកាត់ផ្លូវថៃហ្គ័រ ដើម្បីជូនមិត្តភក្តិទៅផ្ទះ ខណៈជិះមកដល់កន្លែងកើតហេតុ ស្រាប់តែមានជនសង្ស័យមួយក្រុម មានគ្នាប្រមាណជាង ១០នាក់ជិះម៉ូតូជាច្រើនគ្រឿង ចេញពីផ្លូវលំមួយ ប្រដាប់ដោយដាវ កាំបិតស្ទើរគ្រប់ដៃ  ព្រមទាំងមានកាំភ្លើងខ្លីផង បានដេញតាមពីក្រោយពួកខ្លួន រួចធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ និងមានផ្ទុះអាវុធមួយគ្រាប់ធ្វើ ឲ្យជនរងគ្រោះម្នាក់រយៈក្បាលហូរឈាម និងមានអ្នកខ្លះផ្ដួលម៉ូតូរត់ចូលព្រៃ អ្នកខ្លះជិះម៉ូតូរត់យករួចខ្លួន  ។

ប្រភពដដែលបានបន្តថា ក្រោយពីជនរងគ្រោះផ្ដួលម៉ូតូរត់ចូលព្រៃ ក្រុមជនសង្ស័យក៏បានមកលើកម៉ូតូ ជនរងគ្រោះបម្រុងជិះយកទៅដែរ  តែយកមិនកើត ព្រោះម៉ូតូជាប់ហ្វ្រ័ងមិនទៅមុខ ទើបពួកគេនាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់ទៅ។

ក្រោយកើតហេតុ អស់រយៈពេលជិតមួយម៉ោង ទើបសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ និងសួរនាំរឿងហេតុ មួយសន្ទុះក៏សម្រេចចិត្តនាំ យុវជនរងគ្រោះទៅកាន់ នគរបាលប៉ុស្ដិ៍រដ្ឋបាល ព្រែកឯង ដើម្បីសួរនាំបន្ត និងធ្វើពាក្យបណ្ដឹងផងដែរ ៕