ក្រោយរងការរិះគន់យ៉ាងចាស់ដៃ ពេលនេះប៉ូលិសខេត្តបាត់ដំបង ចេញមុខបកស្រាយហើយ ករណីមិនឲ្យអ្នកកាសែត ចូលយកព័ត៌មាន

0

ភ្នំពេញ៖ ក្រោយពីមានការរិះគន់ យ៉ាងចាស់ដៃ ពីសំណាក់អ្នកសារព័ត៌មានមួយចំនួន ក៏ដូចជាអ្នកលេង បណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក ជុំវិញករណី មិនបានអនុញ្ញាត ឱ្យអ្នកកាសែត ចូលទៅក្នុងសាលប្រារព្ធ ពិធីប្រកាសតែងតាំង មុខតំណែង និងបំពាក់ឋានន្តរសក្តិ ស្នងការថ្មីនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបងកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញនេះ ត្រូវបានក្រុមប៉ូលិសប្រតិកម្មរហ័ស នៃស្នងការនគរបាលខេត្តបាត់ដំបង បញ្ជាក់ថា បញ្ហាគម្លាតសុវត្ថិភាពបុគ្គល ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល ទាក់ទងនឹងករណីឆ្លងជម្ងឺ Covid-19 ជាកត្ដាមិនអនុញ្ញាតឱ្យអ្នកកាសែត ចូលយកព័ត៌មាននៅក្នុងពិធីនេះ។

ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូន សាធារណជនពិសេស អ្នកសារព័ត៌មាននិង បង ប្អូនដែលនិយមប្រើប្រាស់បណ្តាញ សង្គមបានជ្រាបថា កាលពីព្រឹកថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០ ២០ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានរៀបចំពិធីប្រកាស តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ដែលពិធីនេះស្ថិតក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និង លោក ងួន រតនៈ អភិបាលនៃគណៈអភិ បាល ខេត្តបាត់ដំបង ។

វត្តមាន នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ មានភ្ញៀវកិត្តិយស និងសមាជិក សមាជិការចូលរួមយ៉ាងច្រើនកុះករ ។ ជាមួយនេះក៏មានអ្នកសារព័ត៌មាន រហូតដល់ចំនួន ១១០នាក់ដែលលោក បានអញ្ជើញមកកាន់ទីនេះដែរ ។

ស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង បញ្ជាក់ថា «ដោយសារការរៀបចំ ទីកន្លែងប្រារព្វពិធី សម្រាប់អ្នកចូលរួមមានចំនួនកំណត់ ហើយបញ្ហាដែលត្រូវយកចិត្តទុក ដាក់បំផុតនាពេលនោះ គឺ ការរក្សាឱ្យបាន នូវគម្លាតសុវត្ថិភាពបុគ្គល ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល ទាក់ទងនឹងករណីឆ្លងជម្ងឺ Covid-19 និងម៉្យាងដើម្បីរក្សាបាន នូវសណ្តាប់ធ្នាប់ របៀបរៀបរយ ល្អប្រសើរក្នុងពេលដំណើរការកម្មវិធីនេះ ទើបក្រុមការងាររៀបចំកម្មវិធី បានអនុញ្ញាតដល់អ្នក សារព័ត៌មានលោកចូលទៅ ក្នុងសាលប្រារព្វពិធី មានចំនួនសមល្មមតែប៉ុណ្ណោះ» ។

ពិធីប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ស្នង ការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបងបាន ដំណើរការជាចំហរ និងជាប្រក្រតី តាមរៀបវរៈក្រោមវត្តមានភ្ញៀវកិត្តិយស សមជិក សមាជិការ ចូលរួមដែលលោកជាសាក្សី ក្នុងពិធីនេះ ដោយមិនមានការលាក់កំបាំងធ្វីទេ ហើយខ្លឹមសារនៃអង្គពិធី ក៏ត្រូវបានផ្សព្វផ្សាយជាសាធារណៈក្រោយ ពេលប្រារព្វពិធីរួចភ្លាមៗ តាមរយៈប្រពន័្ធផ្សព្វផ្សាយ នានានិងតាមរយៈបណ្តាញសង្គម ៕