ភ្នំពេញ៖ សាកសពបុរសម្នាក់ ត្រូវជនមិនស្គាល់អត្តសញ្ញាណ ច្រកចូលក្នុងវ៉ាលី ហើយដឹកតាមរថយន្តយក ទៅបោះចោលនៅក្នុង ព្រៃជាប់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១០៤-១០៥ ស្ថិតនៅភូមិ៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០។
តាមព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត ១គ្រឿង មិនស្គាល់ម៉ាកបានឈប់អែប ចិញ្ចើមផ្លូបន្ទាប់មក ឃើញមានមនុស្សបើកទ្វារចុះ ហើយលើកវ៉ាលីពណ៌ខ្មៅមួយ មានទំហំធំបោះចូលព្រៃជាប់ផ្លូវជាតិលេ៤ ប្រហែល ៦ម៉ែត្រ ហើយបើកចេញទៅបាត់យ៉ាងលឿន ពេលឃើញបែបនេះ ប្រជាពលរដ្ឋ ពួកគាត់មានការសង្ស័យមិនហ៊ាន ទៅបើកមើលនោះទេ រួចក៏បានរាយការណ៍ជូនសមត្ថកិច្ច។
ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម កម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំង ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ ហើយបានទាញយកវ៉ាលីឡើង មកលើពិនិត្យ ក្នុងវ៉ាលីមានថង់ខ្មៅ រុំសាកសព ភេប្រុស អាយុប្រហែលជាង ៣០ឆ្នាំ មិនទាន់ស្គាល់អត្តសញ្ញាណ ។ សាកសពពាក់អាវយឺតដៃ វែងពណ៌ស្រដៀងឈាមជ្រូក (ប្រឡាក់ឈាមមើលមិនច្បាស់ពណ៌) និងស្លៀកខោជើងវែងពណ៌ខ្មៅ សពមានសភាពប៉ោងភ្នែក។
បច្ចុប្បន្នកម្លាំងជំនាញ បានធ្វើការវេចខ្ចប់សាកសព ខាងលើបញ្ជូនទៅខាងជំនាញ បច្ចេកទេសកោសល្យវិច្ច័យ ក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ និងស្រាវជ្រាវតាមជំនាញ ៕