អបអរសាទរខួប ២៧ឆ្នាំ នៃទិវាប្រកាសឲ្យប្រើប្រាស់ រដ្ឋធម្មនុញ្ញកម្ពុជា

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា នៅថ្ងៃទី២៤កញ្ញា ២០២០នេះ គឺជាខួបទី២៧ឆ្នាំ ដែលកម្ពុជាបានប្រកាសអោយ ប្រើប្រាស់ជាផ្លូវការនូវរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តើមចេញ ពីកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ស្តីពីដំណោះស្រាយរួមបញ្ចប់នូវវិបត្តិកម្ពុជា ដែលប្រព្រឹត្តទៅនៅ ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ គឺកម្ពុជា បានផ្លាស់ប្តូរចូលទៅក្នុង របត់ប្រវត្តិសាស្ត្រថ្មីមួយដោយមាន ការឯកភាពផ្ទៃក្នុងការដោះស្រាយ បញ្ហានយោបាយ ដោយកម្ពុជាបានឯកភាពគ្នា រៀបចំការបោះឆ្នោត នៅក្នុង ខែឧសភា ឆ្នាំ១៩៩៣ ដែលមានការគាំទ្រពី អង្គការសហប្រជាជាតិ អ៊ុនតាក់ (UNTAC)។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសរសេរលើគេហទំព័រហ្វេសប៊ុក ឲ្យដឹងបន្ថែមថា បន្ទាប់មក រដ្ឋធម្មនុញ្ញជាតិ ក៏ត្រូវបានបង្កើតឡើងជា ប្រវត្តិសាស្ត្រនៅក្នុងឆ្នាំ១៩៩៣ ។ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ នៅក្នុងមហាប្រាសាទទេវាវិនិច្ឆ័យ នៅក្នុងព្រះបរមរាជវាំង ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ អតីតមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានឡាយ ព្រះហត្ថលេខាលើព្រះរាជក្រម ប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាជាផ្លូវការ។ នៅថ្ងៃទី២៤ ខែកញ្ញា គឺជាថ្ងៃកំណើតរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ដែលមកដល់ ឆ្នាំ២០២០ គឺរដ្ឋធម្មនុញ្ញកម្ពុជា មានអាយុកាល២៧ឆ្នាំហើយ។

រដ្ឋធម្មនុញ្ញគឺជាច្បាប់កំពូលនៃ ព្រះរាជាណាចក្រកម្ពុជា។ ច្បាប់និងសេចក្តីសម្រេចទាំងឡាយ នៃស្ថាប័ននានារបស់រដ្ឋត្រូវស្រប ទៅនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។ ចំណុចសំខាន់ៗបំផុតមួយចំនួន ដែលបានចែងច្បាស់នៅក្នុង រដ្ឋធម្មនុញ្ញមានដូចជា កម្ពុជាត្រូវគោរពដាច់ខាតនូវ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ របបប្រជាធិបតេយ្យសេរីពហុបក្ស ហើយរដ្ឋធម្មនុញ្ញកម្ពុជា បានចែងអំពីគោលការណ៍ នៃការបែងចែកអំណាចដាច់ដោយឡែកពីគ្នា គឺអំណាចនីតិប្បញ្ញត្តិ, នីតិប្រតិបត្តិ និង តុលាការហើយក៏បានអនុម័តនូវសិទ្ធិជា មូលដ្ឋានរបស់ប្រជាពលរដ្ឋ និង គោលការណ៍នីតិរដ្ឋជាដើម ៕