ក្លឹប Atletico Madrid បានប្រកាសពីការចុះហត្ថលេខាលើកីឡាករ Luis Suarez ពីក្រុម Barcelona ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន ប៉ុន្តែក្លឹបក៏ត្រូវចំណាយទឹកប្រាក់ចំនួន ៦ លានអឺរ៉ូផងដែរ សម្រាប់ប្រត្តិបត្តិការផ្ទេរនេះ។
កុងត្រារបស់កីឡាកររូបនេះបានឈានដល់ទីបញ្ចប់ក្នុងឆ្នាំនេះ ជាមួយនឹងក្លឹបកាតាឡាន ហើយគាត់នឹងធ្វើកុងត្រាលេងរយៈពេល ២ឆ្នាំនៅលើទឹកដី Estadio Wanda Metropolitano។ Suarez នឹងរកចំណូលបាន ៩ លានអឺរ៉ូបន្ទាប់ពីបង់ពន្ធក្នុងមួយឆ្នាំនៅ Atletico ដែលគាត់នឹងធ្វើការក្រោមការដឹកនាំរបស់លោក Diego Simeone ។
ការផ្ទេរនេះកើតឡើងបន្ទាប់ពីក្លឹប Juventus បានបោះបង់ឱកាសក្នុងការចុះហត្ថលេខាលើកីឡាករអ៊ុយរូហ្គាយរូបនេះ ដោយសម្រេចចិត្តជ្រើសយក Alvaro Morata ក្នុងលក្ខខណ្ឌខ្ចីជើងជំនួសវិញ។ ការចាកចេញរបស់ Morata នៅឯ Atletico ឥឡូវនេះបានជំនួសវិញដោយ Suarez ។ គួររំលឹកឡើងវិញដែរថា កីឡាករខ្សែប្រយុទ្ធអ៊ុយរូហ្គាយរូបនេះ បានបង្ហាញខ្លួនឲ្យ Barcelona ចំនួន ២៨៣ប្រកួត និងរកគ្រាប់បាល់បាន ១៩៨គ្រាប់ ក្នុងរយៈពេល ៦ឆ្នាំ។ ចំណែកឯការជំនួសតំណែងរបស់ Suarez វិញក្រុម Barcelona កំពុងព្យាយាមនាំយកខ្សែប្រយុទ្ធម្នាក់ ប៉ុន្តែការផ្លាស់ប្តូរសម្រាប់ Lautaro Martinez កំពុងមានការលំបាក៕