ភ្នំពេញ៖ សពទារកម្នាក់ ត្រូវបានម្ដាយចិត្តអប្រិយ យកមកប្លុងចោលក្នុងធុងសំរាម នៅចំណុចរង្វង់មូលវត្តភ្នំ បង្កការភ្ញាក់ផ្អើល ដល់កម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋ នាំគ្នាចោមរោមមើល កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចរង្វង់មូល នាឡិកាវត្តភ្នំ ដែលស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន ពីស្ត្រីម្នាក់ជាអ្នកបោសសំរាម បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ ម៉ោងប្រហែលជា៥ព្រឹក គាត់បានឃើញនារីម្នាក់ បានយួរស្បោង ពណ៌ខ្មៅ មកបោះចោល នៅក្នុងធុងសំរាម ប៉ុន្តែគាត់មិនបាន ចាប់អារម្មណ៍អ្វីនោះទេ លុះរហូតដល់ម៉ោង៦ព្រឹក ពេលគាត់បោសសំរាម រួចបានប្រមូលសំរាម យកទៅបោះចោលក្នុងធុងសំរាម តែដោយគាត់មិនអស់ចិត្ត ក៏បានបើកមើល ថង់ខ្មៅនោះ ក៏ប្រទះឃើញ ប្រអប់ពណ៌សមួយ ដែលមានសរសេរលេខ បន្ទប់លេខ២០៣ ក៏ឃើញទារក កើតមិនគ្រប់ខែ រុំកន្សែង នៅក្នុងប្រអប់នោះ ទើបគាត់រាយការណ៍ ប្រាប់កម្លាំងសមត្ថកិច្ច ចុះមកត្រួតពិនិត្យមើល។
ក្រោយពីទទួលបាន ដំណឹងនេះរួចមក កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ បានចុះមកដល់ទីតាំង ខាងលើ រួមជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីយកសពទារក ខាងលើទៅបូជា តាមប្រពៃណី៕




