ភ្នំពេញ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដឹកនាំដោយលោក វរសេនីយ៍ឯក សូ សុវណ្ណឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត សហការមួយអាជ្ញាធមខេត្ត ចុះចែកអង្ករ ជូនដល់ប្រជាពលរដ្ឋ រងគ្រោះដោយសារទឹកជំនន់ ចំនួន៥៥០គ្រួសារ ស្ថិតនៅសង្កាត់បន្ទាយដី និង សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា បន្ទាប់ពីទទួលរង ឥទ្ធិពលព្យុះភ្លៀង ជាបន្តបន្ទាប់ធ្វើឱ្យភូមិសាស្រ្ត ខេត្តពោធិ៍សាត់ ជួបនូវបញ្ហាទឹកជំនន់ និងជំនន់ទឹកភ្លៀងនៅតាមដងស្ទឹងពោធិ៍សាត់ ដែលហូរកាត់ក្រុង-ស្រុកចំនួន ៤ (ក្នុងនោះមាន ១៨ ឃុំ-សង្កាត់) បណ្តាលឱ្យប៉ះពាល់ដល់លំនៅដ្ឋាន ដំណាំស្រូវ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។ លោកអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ទឹកជំនន់ ខ្យល់កន្ត្រាក់ ផ្គររន្ទះ ថែទាំសុខភាព សម្អាតអនាម័យជុំវិញខ្លួន កែប្រែទម្លាប់អវិជ្ជមាន និងយកចិត្តទុកដាក់ធ្វើអនាម័យជាប្រចាំ ដើម្បីការជំងឺឆ្លងនានា។
បើតាមលោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ បានបញ្ជាក់ឱ្យដឹង នាល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះថា ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ បច្ចុប្បន្នមានកម្ពស់ ៥.៣៧ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៥ម៉ែត្រ), ស្ទឹងក្រវាញ មានកម្ពស់ ៣.៥៦ (កម្ពស់ប្រកាសអាសន្ន ៦ម៉ែត្រ) និងស្ទឹងវាលវែង មានកម្ពស់ ១.២ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ១០ម៉ែត្រ)។ ចំពោះស្ថានភាពទឹកស្ទឹងពោធិ៍សាត់ នៅស្ទឹងក្រវាញ ចាប់ផ្តើមស្រក ២.៥៦ម៉ែត្រ ដោយឡែកស្ទឹងក្រុងពោធិ៍សាត់ ចាប់ផ្តើមស្រក ០.០៨ម៉ែត្រ។
លោកប្រធានមន្ទីរបន្តថា នាល្ងាចនេះមានភ្លៀងធ្លាក់កម្រិតមធ្យមនៅផ្នែកខាងក្រោម គឺស្រុកកណ្តៀង ដោយឡែកនៅក្រុងពោធិ៍សាត់ ស្រុកភ្នំក្រវាញ ស្រុកវាលវែង និងស្រុកដទៃទៀត នៃខេត្តពោធិ៍សាត់ មានភ្លៀងធ្លាក់កម្រិតខ្សោយ។
លោក កែវ វ័យ បន្ថែមថា ប្រសិនបើផ្នែកខាងលើ នៃស្រុកវាលវែង និងភ្នំក្រវាញ មិនមានភ្លៀងធ្លាក់បន្តទៀតទេ កម្ពស់ទឹកស្ទឹងក្នុងក្រុងពោធិ៍សាត់ នឹងបន្តស្រកចុះជាបន្តបន្ទាប់ ខណៈដែលបច្ចុប្បន្នជំនន់ទឹកភ្លៀង បាននឹងកំពុងដាក់សម្ពាធមកលើក្រុងពោធិ៍សាត់ និងផ្នែកខ្លះនៅស្រុកភ្នំក្រវាញ និងស្រុកកណ្តៀងផងដែរ។
សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ម្សិលមិញ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពទឹកស្ទឹងពោធិ៍សាត់ មានកម្ពស់ទឹកកើនឡើងក្នុងកម្រិតប្រកាសអាសន្ន ក្រោយពីទទួលឥទ្ធិពលព្យុះថ្មីមួយទៀត ដែលមានឈ្មោះ នូល (NOUL) បង្កឱ្យមានជំនន់ទឹកភ្លៀង ធ្លាក់ជាបន្តបន្ទាប់ពីតំបន់ជួរភ្នំក្រវាញ ស្ទឹងអារ៉ៃ និងស្ទឹងធំ មានកម្រិតខ្ពស់មកលើដងស្ទឹងពោធិ៍សាត់។
ក្នុងសេចក្តីជូនដំណឹងនោះ បានឱ្យដឹងទៀតថា ដើម្បីត្រៀមលក្ខណៈការពារគ្រោះធម្មជាតិ ទឹកជំនន់តាមដងស្ទឹង ដែលអាចកើតមានក្នុងខេត្តពោធិ៍សាត់ សូមអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ទូទាំងខេត្តពោធិ៍សាត់ ពិសេសប្រជាពលរដ្ឋរស់នៅ តាមដងស្ទឹងពោធិ៍សាត់ និងស្ទឹងពាក់ព័ន្ធ សូមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើង ដោយយថាហេតុនិងត្រៀម រកទីទួលសុវត្ថិភាព សម្រាប់ជម្លៀសប្រជាពលរដ្ឋ ដែលងាយរងគ្រោះ៕