ខូចចិត្តប្រពន្ធសុំលែង ចងកសម្លាប់ខ្លួន លើកទីមួយសង្គ្រោះទាន់ពេល ប៉ុន្តែលើកទី២ ធ្វើឲ្យផ្អើលអ្នកភូមិ ទាំងព្រឹកតែម្ដង

0

ភ្នំពេញ៖ បុរសម្នាក់ ដែលខូចចិត្តប្រពន្ធ សុំលែងលះគ្នាត្រូវ បានក្រុមគ្រួសារប្រទះឃើញ ចងកសម្លាប់ខ្លួន នៅក្នុងផ្ទះបាយ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតក្នុងភូមិរោងស្នោ ឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ច នគរបាលស្រុក បានឱ្យដឹងថា បុរសខាងលើមានឈ្មោះជុច សុបុន អាយុ៤២ឆ្នាំ មុខរបរកសិករ រស់នៅភូមិរោងស្នោ ឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង។ ក្រោយពីទទួលសេចក្ដីរាយការណ៍ ពីអាជ្ញាធរភូមិភ្លាម សមត្ថកិច្ចជំនាញ និងគ្រូពេទ្យបានចុះមកដល់ ដើម្បីពិនិត្យសាកសព ហើយឃើញជនរងគ្រោះ យកភួយពណ៌ក្រហម ចងកជាប់នឹងផ្លានដំបូលផ្ទះ បាយ ស្លាប់ប្រាកដមែន ដោយមិនមានស្លាកស្នាម អ្វីសម្គាល់ថាជារឿង ឃាតកម្មនោះទេ។

តាមអ្នកភូមិបានឱ្យដឹងថា កាលពីកន្លងមក បុរសខាងលើនេះ គឺធ្លាប់ចងកសម្លាប់ខ្លួន ម្ដងរួចមកហើយ តែត្រូវបងប្អូនក្រុមគ្រួសារ ជួយសង្គ្រោះទាន់ពេល ដោយសារខូចចិត្ត នឹងប្រពន្ធសុំលែង ធ្វើឱ្យគេមានអារម្មណ៍សោកសៅយ៉ាងខ្លាំង ស្រាប់តែនៅព្រឹកកើតហេតុ គេប្រទះឃើញបុរសនេះ ចងក ក្នុងផ្ទះស្លាប់បង្កការភ្ញាក់ផ្អើលតែម្ដង។

បច្ចុប្បន្នសាកសព ត្រូវបានសមត្ថកិច្ច ប្រគល់ទៅឱ្យក្រុមគ្រួសារ យកមកធ្វើបុណ្យ តាមប្រពៃណី៕