មេប៉ូលិស បញ្ជាកម្លាំងនគរបាលទប់ស្កាត់ កុំឲ្យមានជនឆ្លៀតឱកាស បង្កអសន្តិសុខ នៅតាមព្រំដែន ជាប់ខេត្តបាត់ដំបង

0

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាទៅកងកម្លាំងនគរបាល នៅតាមបន្ទាត់ព្រំដែនជាប់នឹងខេត្តបាត់ដំបង ត្រូវបន្តសហការជាមួយអាជ្ញាធរខេត្ត រួមទាំងកម្លាំងពាក់ព័ន្ធ ត្រៀមទប់ស្កាត់ជានិច្ច នូវជនមានឧបាយកលអាក្រក់ ចូលមកបង្កភាពចលាចល ឬអសន្តិសុខក្នុងប្រទេស ។

ក្នុងឱកាសអញ្ជើញប្រកាសតែងតាំង លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន្ត ជាស្នងការនគរបាលខេត្តបាត់ដំបង នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ នេត សាវឿន បានមានប្រសាសន៍ថា កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ កងកម្លាំងនៅតាមបន្ទាត់ព្រំដែនជាប់នឹងថៃ ស្ថិតភូមិសាស្ត្រខេត្តបាត់ដំបង រួមទាំងអាជ្ញាធរខេត្ត និងកម្លាំងនានា រួមទាំងមានការចូលរួមពីអាជ្ញាធរថៃផងនោះបានសហការគ្នាយ៉ាងល្អក្នុងការទប់ស្កាត់មិនឲ្យមានជនឆ្លៀតឱកាស ឬបង្កអសន្តិសុខក្នុងប្រទេស តាមការញុះញង់របស់ទណ្ឌិត សម រង្ស៊ី ចង់មករំខានសន្តិភាពកម្ពុជា ។

នាយឧត្តមសេនីយ៍ បន្តថា កាលពីពេលថ្មីៗនេះទណ្ឌិត សម រង្ស៊ី បានប្ដេជ្ញាចូលមកកម្ពុជាម្ដងទៀត ចំពោះការវិលមកវិញនោះរាជរដ្ឋាភិបាលកម្ពុជានឹងអនុវត្តតាមច្បាប់ដោយសមត្ថកិច្ចមិនមានការភ័យខ្លាចនោះទេ នឹងការវិលត្រឡប់មកនោះ ហើយរំពឹងថាគណៈបញ្ជាកងឯកភាពខេត្តបាត់ដំបង នឹងធ្វើបានល្អក្នុងការទប់ស្កាត់ជនបង្កបញ្ហាអសន្តិសុខជន រំខានសុខសន្តិភាព ដូចពេលកន្លងទៅ ។
អគ្គស្នងការនគរបាលជាតិ បានបន្ថែមថា មួយវិញទៀតការបង្ក្រាបបទល្មើស ចាប់ពីដើមឆ្នាំមកនៅបាត់ដំបង កម្លាំងនគរបាលខេត្តបានបង្ក្រាបបទល្មើសដល់លើស ៩០ភាគរយ និងបទល្មើសឧក្រិដក៏មានការថយចុះ ដែលចំនួននេះបើធៀបនឹងរាជធានី និងខេត្តផ្សេងៗគឺល្អជាងគេ ហើយក៏ត្រូវធ្វើឲ្យល្អបន្ថែមទៀត ហើយស្នងការថ្មី ក៏ត្រូវអនុវត្តឲ្យបានល្អនូវការប្ដេជ្ញា ឬការសន្យារបស់ខ្លួន ។

នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានស្នើទៅគណៈបញ្ជាការខេត្ត បន្តសហការជាមួយកងកម្លាំងនគរបាលខេត្ត ក្នុងការដោះស្រាយបញ្ហាប្រឈម ឬក្តីបារម្ភនានារបស់ពលរដ្ឋ ពិសេសបញ្ហាចោរកម្ម គ្រឿងញៀន និងការផ្សព្វផ្សាយពីបញ្ហាចរាចរណ៍ជាដើម ។

ក្នុងឱកាសនោះលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានស្នើផងដែរទៅស្នងការនគរបាលខេត្តបាត់ដំបងថ្មី បន្តសហការជាមួយរដ្ឋបាលខេត្ត ក្នុងការងារបម្រើប្រជាពលរដ្ឋ មានដូចការផ្ដល់សេវាសាធារណៈ ដោះស្រាយបញ្ហាអសន្តិសុខ ក្នុងសង្គមដែលតែងកើតមាននៅតាម មូលដ្ឋាន ៕