ភ្នំពេញ៖ សមត្ថកិច្ចអធិការដ្ឋាន នគរបាលខណ្ឌចំការមន និងសមត្ថកិច្ចនៃ ស្នងការដ្ឋានរាជធានីភ្នំពេញ ចាប់ខ្លួនជនជាតិចិនម្នាក់ រកឃើញគ្រឿងញៀនជិត ៥គីឡូក្រាម នៅក្នុងរថយន្ត ក្រោយជនជាតិចិនម្នាក់នេះ បានជិះរថយន្តបំបុកបារ៉ាស់សមត្ថកិច្ច ដែលដាក់គោលដៅ រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងមូលដ្ឋានខណ្ឌចំការមក ។
ហេតុការណ៍បានកើតឡើង កាលពីវេលាម៉ោង ១២៖៣០នាទី រំលងអាធ្រាត្រឈានចូល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចជិតស្ពានហង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
លោក យិន សាន អធិការនគរបាលខណ្ឌចំការមន បានប្រាប់ឲ្យដឹងថា សមត្ថកិច្ចបានរកឃើញរថយន្តម៉ាក lexus GS-300 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2W-7669 បើកបរដោយជនជាតិចិនប្រុសស្រី ២នាក់ រួមជាមួយកូនតូចប្រុសស្រី ២នាក់ទៀត ធ្វើដំណើរពីលិចទៅកើត ចូលគោលដៅ ក្នុងល្បឿនលឿនមិនបានឈប់ អោយកម្លាំងសមត្ថកិច្ច ត្រួតពិនិត្យនោះទេ ។
លោកបន្តថា រថយន្តនោះបានបន្ថែមល្បឿន បើកគេចចេញពីគោលដៅ ទៅបុកបារ៉ាស់សមត្ថកិច្ច ឆ្ពោះចូលក្នុងកោះពេជ្រ ក៏ត្រូវបានសមត្ថកិច្ចជិះម៉ូតូដេញពីក្រោយ ។ ខណៈមកជិតខុនដូរមួយកន្លែង បានឈប់រថយន្ត រួចក៏បានបោះថង់ខ្មៅ ដែលដាក់គ្រឿងញៀន ចោលនៅជិតរថយន្ត រួចរត់គេចខ្លួន បាត់ស្រមោល បន្សល់ទុកនៅកូនតូចប្រុសស្រី ២នាក់ នៅក្នុងរថយន្ត ។ ក្រោយមកទៀត សមត្ថកិច្ចឆែកឆេរ ក្នុងថង់ខ្មៅ ឃើញសុទ្ធតែគ្រឿងញៀន ទម្ងន់ជិត ៥គីឡូក្រាម។
សមត្ថកិច្ចបានបន្តទៅឆែកឆេរដល់បន្ទប់ ។ ប៉ុន្តែពេលមិនទាន់ដល់បន្ទប់ផង ស្រាប់តែឃើញជនជាតិចិន ដើរចេញខាងក្នុងសណ្ឋាគារ មានយួរវ៉ាលីខ្មៅ ចេញមកខាងក្រៅបានបន្តិច ស្រាប់តែជនជាតិចិនរូបនោះ បានរត់បម្រុងសំដៅឡើងរថយន្ត ក៏ត្រូវសមត្ថកិច្ចក្របួចជាប់ហើយបាន ឆែកឆេររកឃើញគ្រឿងញៀនប្រភេទ ហេរ៉ូអ៊ីនចំនួន ១៤ដុំទៀត។
បច្ចុប្បន្ន បុរសជនជាតិចិន រួមទាំងវត្ថុតាង ថ្នាំញៀនជាច្រើនគីឡូក្រាម ត្រូវបានសមត្ថកិច្ច មន្ទីរប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងឃាត់ខ្លួនសាកសួរ តាមនីតិវិធី ៕





