ប្រធានការិយាល័យ​ ប្រឆាំងភេរវកម្មក្រសួងមហាផ្ទៃ ដើរចូលផឹកស្រាមិនបានអញ្ជើញ ស្រាប់តែស្រវឹងដកកាំភ្លើង គំរាមបាញ់ពលរដ្ឋទៀត (Video)

0

ភ្នំពេញ៖ លោក ថ្លាង ភិនរ៉ា ជាមន្ត្រីនគរបាលដែលមានឋានៈ​ ជាប្រធានការិយាល័យប្រឆាំងភេរវកម្ម នៃក្រសួងមហាផ្ទៃ កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ បានដើរចូលផឹកស្រាដែល មិនបានអញ្ជើញហើយស្រាប់តែ ពេលស្រវឹងដកកាំភ្លើងអាមេគំរាមបាញ់ ម្ចាស់ហាងគុយទាវអង្គរជុំ សាខាទួលគោក និងគំរាមបិទហាងថែមទៀតផង ។

ដោយមិនអស់ចិត្តនឹង ទង្វើអយុត្តិធម៌បែបនេះ ម្ចាស់ហាងគុយទាវអង្គរជុំ សាខាទួលគោក រាជធានីភ្នំពេញ បានដាក់ពាក្យប្តឹង ប្រធានការិយាល័យប្រឆាំងភេរវកម្ម នៃក្រសួងមហាផ្ទៃ រូបនេះទៅកាន់ទៅកាន់ស្ថាប័នចំនួន៣

ទី១៖ ប្តឹងទៅកាន់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
ទី២៖ ប្តឹងទៅអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ
ទី៣៖ ប្តឹងទៅកាន់គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា។

បណ្ដឹងរបស់ឈ្មោះ ជុយ សុខហេង ភេទប្រុស អាយុ៥៣ឆ្នាំ ទីលំនៅសព្វថ្ងៃផ្ទះលេខ៩១ ផ្លូវ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលជាម្ចាស់ហាងគុយទាវអង្គរជុំ សាខាទួលគោក បានធ្វើឡើងបន្ទាប់ពីមន្ត្រីនគរបាលឈ្មោះ ថ្លាង ភិនរ៉ា បានជេរប្រមាថ និងគំរាមបាញ់សម្លាប់រូបលោកនិងភរិយា ដោយដកកាំភ្លើងពី ចង្កេះអាមេបញ្ចូលគ្រាប់តម្រង់ ទៅលើជនរងគ្រោះ និងភរិយា ដែលកំពុងហូបអាហារថ្ងៃត្រង់ នៅក្នុងហាគុយទាវអង្គរជុំ សាខាទួលគោកផ្ទាល់តែម្ដង។

លោក ជុយ សុខហេង បានរៀបរាប់នៅក្នុងពាក្យបណ្តឹងថា នៅថ្ងៃកើតហេតុថ្ងៃទី២០ ខែកញ្ញា វេលាម៉ោងប្រមាណ ១២ថ្ងៃត្រង់ លោកបានរៀបចំការហូបចុកជុំ ជាមួយមិត្តភក្តិប្រមាណ ៨នាក់ ជាលក្ខណៈមិត្តភាព នៅទីតាំងហាងគុយទាវរបស់ខ្លួន ព្រោះមិនមានការបើកលក់នោះទេ ជាថ្ងៃបុណ្យភ្ជុំ។

លោក សុខហេង រៀបរាប់ទៀតថា លុះការហូបចុកបានមួយសន្ទុះ ក៏លោក ថ្លាង ភិនរ៉ា ដើរចូលកន្លែងហូបចុករបស់លោក ដោយមិនមានការអញ្ជើញនោះឡើយ តែដោយសារធ្លាប់ស្គាល់គ្នា ទើបអ្នករួមតុអនុញ្ញាតឱ្យលោក ថ្លាង ភិនរ៉ា រួមតុតែម្តង។ ការហូបចុកបានបន្តរហូត ដល់ម៉ោងប្រមាណ ២រសៀលមិត្តភក្តិមួយចំនួន បានត្រឡប់ទៅផ្ទះអស់ នៅសល់មនុស្សប្រមាណតែ ៥នាក់ប៉ុណ្ណោះ រួមមានរូបលោក និងភរិយាផង អង្គុយហូបចុកមួយតុរួមគ្នា។ ពេលនោះលោក ថ្លាង ភិនរ៉ា ដែលមានអាការៈស្រវឹងស្រាផងនោះ ក៏បានចាប់ផ្តើមប្រើពាក្យសម្តីព្រមាន ពីការបិទហាង ឬដាក់នគរបាលចាំត្រួតពិនិត្យជាតិអាល់កុល នៅមុខហាងគុយទាវជាដើម។ មិនត្រឹមតែប៉ុណ្ណោះ លោក ថ្លាង ភិនរ៉ា ថែមទាំងបានអួតអាងថា ខ្លួនអាចទូរស័ព្ទទៅឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ឱ្យបិទហាងគុយទាវអង្គរជុំ ពេលណាក៏បានថែមទៀតផង ៕

សូមទស្សនាវីដេអូខាងក្រោម៖

 

រូបជនរងគ្រោះ