ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា វាពុំមែនជារឿងចម្លែកទេ ដែលក្រុមអ្នកវាយប្រហារ បង្កើតកម្មវិធីដែលមានមេរោគ ដើម្បីលួចយកទិន្នន័យពីអ្នកប្រើប្រាស់ ឬដើម្បីតាមដាន ក្រុមអ្នកប្រឆាំងណាមួយនោះ ប៉ុន្តែនៅពេលថ្មីៗនេះ ក្រុមហ៊ុនសុវត្ថិភាពបច្ចេកវិទ្យា Check Point បានរកឃើញក្រុមអ្នកវាយប្រហារ ដែលគេឱ្យឈ្មោះថា Rampant Kitten បានបង្កើតកម្មវិធី Android ដែលមានមេរោគ ដើម្បីលួចយកលេខកូដ 2FA (Two-factor Authentication) ពីក្នុងសារ។
ក្រុមហ៊ុន Check Point បានឱ្យដឹងថា ទោះបីជាក្រុមអ្នកវាយប្រហារនេះ កាលពីដើមឡើយបានបង្កើត កម្មវិធីមេរោគសម្រាប់តែប្រព័ន្ធប្រតិបត្តិការ Windows ប៉ុន្តែពេលនេះពួកគេបានប្រើវិធីសាស្រ្ត ដូចគ្នានេះដើម្បីបង្កើតកម្មវិធីមេរោគ សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ដែលពួកគេអាចលួចយកបញ្ជីឈ្មោះ សារ ថតសំឡេងតាមរយៈម៉ៃក្រូហ្វូន និងបើកគេហទំព័រដែល មានមេរោគបានផងដែរ។
ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ផងដែរថា កម្មវិធីមេរោគនេះ នឹងរង់ចាំស្ទាក់យកសារ ដែលចាប់ផ្ដើមជាមួយអក្សរ “G-” ដែលនេះគឺជាការសម្គាល់ថា ជាសារមានលេខកូដ 2FA ដែលបានផ្ញើមកពីក្រុមហ៊ុន Google ហើយបន្ទាប់មកកម្មវិធីនេះក៏ផ្ញើសារបន្តទៅឱ្យក្រុមអ្នកវាយប្រហារ។ ប៉ុន្តែអ្វីដែលជាការព្រួយបារម្ភ កាន់តែខ្លាំងនោះគឺ កម្មវិធីមេរោគនេះអាចថែមទាំងទាញយក សារពីកម្មវិធីទំនាក់ទំនងសង្គមផ្សេងៗទៀត ដូចជាកម្មវិធី Telegram ជាដើម។
បច្ចុប្បន្នក្រុមហ៊ុន Check Point បានប្រទះឃើញកម្មវិធីដែល មានផ្ទុកមេរោគនេះក្នុងកម្មវិធីមួយ ដែលបន្លំជាកម្មវិធីសម្រាប់ ជួយអ្នកនិយាយភាសា Persian (ភាសាភាគខាងលិចប្រទេសអ៊ីរ៉ង់) ដើម្បីទទួលបានបណ្ណបើកបរ នៅក្នុងប្រទេសស៊ុយអែត។ ទោះជាយ៉ាងណាពួកគេ ក៏បានព្រមានផងដែរថា កម្មវិធីមេរោគនេះអាចមាន នៅក្នុងកម្មវិធីផ្សេងៗទៀតផងដែរ ៕