ខ្វះអីលួច ដើរលួចដោះ ម៉ាស៊ីនត្រជាក់តាមផ្ទះ

0

ភ្នំពេញ៖ កម្លាំងនគរបាល បានឃាត់ខ្លួនបុរសម្នាក់ ក្រោយធ្វើសកម្មភាព លួចដោះម៉ាស៊ីនត្រជាក់ តាមផ្ទះរបស់ប្រជាពលរដ្ឋ ។

លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការគរបាលខេត្តព្រះសីហនុ បានឲ្យដឹងនៅថ្ងៃទី២០ កញ្ញាថា កម្លាំងជំនាញ ផែនការងារនគរបាលព្រហ្មទណ្ឌ ការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការបង្ក្រាបករណី អំពើលួចមានស្ថានទម្ងន់ទោស កាត់គាស់ទម្លុះ ទម្លាយ លួចយកម៉ាស៊ីនត្រជាក់តាមផ្ទះ របស់ប្រជាពលរដ្ឋ ដែលមិនមានមនុស្សនៅ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោងជាង ៣ ទៀបភ្លឺ។

កម្លាំងជំនាញផែនការងារ នគរបាលព្រហ្មទណ្ឌ បានជិះល្បាតតាមដងផ្លូវក្នុងភូមិសាស្រ្ត ស្មុកស្មាញ ជាពិសេសផ្ទះ ដែលទុកចោលពុំមានមនុស្សនៅ ដើម្បីការពារកុំឲ្យមានការចូល លួចយកទ្រព្យសម្បត្តិផ្សេងៗ។ នៅពេលដែលកម្លាំងសមត្ថកិច្ច ជិះល្បាតដល់ចំណុចផ្ទះមួយកន្លែង ដែលពុំមានមនុស្សនៅ ស្ថិតនៅភូមិ២ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ស្រាប់តែប្រទះឃើញមានជនសង្ស័យម្នាក់ ជាជនជាតិខ្មែរ កំពុងធ្វើសកម្មភាពលួចកាត់គាស់ដោះ យកម៉ាស៊ីនត្រជាក់ជាច្រើនគ្រឿង បំរុងលើកដាក់លើម៉ូតូកង់បី ១គ្រឿង ឃើញដូចនេះ កម្លាំងសមត្ថកិច្ច ក៏បានធ្វើការ ឃាត់ខ្លួនជនសង្ស័យនោះតែម្តង និងបានឆែកឆេររកឃើញសម្លារៈមួយចំនួន ដែលជាឧបករណ៍ សម្រាប់កាត់គាស់លួច ដោះយកម៉ាស៊ីនត្រជាក់។

បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យយ៉ាងយកចិត្តទុកដាក់ កម្លាំងសមត្ថកិច្ចជំនាញ បានរកឃើញ ម៉ាស៊ីនត្រជាក់ជាច្រើនគ្រឿងបន្ថែមទៀត ដែលជនសង្ស័យ បានលួចនាពេលកន្លងមក នៅផ្ទះកើតហេតុ។

ជនសង្ស័យ មានឈ្មោះ សឿន សារ៉ាត់ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបររត់ម៉ូតូកង់បី មានទីលំនៅភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។

វត្ថុតាងចាប់យកបាន៖ -ដែកគាស់ ១ដើម -ទល់រឺវីស ១ដើម -ដង្កាប់ ១ -កន្ទ្រៃ ១ -សោរចំនួន ៣ដើម -តេឡេម៉ាស៊ីនត្រជាក់ ៥គ្រឿង -ក្បាលម៉ាស៊ីនត្រជាក់ ៥គ្រឿង -កន្ទុយម៉ាស៊ីនត្រជាក់ ១២គ្រឿង -ម៉ូទ័របូមទឹក ១គ្រឿង -ម៉ូតូកង់បី ១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿង បញ្ជួនទៅតុលាការដើម្បីបន្ដ ចាត់ការតាមនីតិវិធីច្បាប់ ៕