ភ្នំពេញ៖ ចោរដែលបន្លំខ្លួន ជាម្ចាស់ផ្ទះសំណាក់ លួចយករថយន្តភ្ញៀវ ក្នុងផ្ទះសំណាក់ «មហារុងរឿង» នៅខេត្តតាកែវ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌដូនពេញ ឃាត់ខ្លួនបានហើយនៅកោះពេជ្រ ។
សូមបញ្ជាក់ផងដែរថា កាលពីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ នៅត្រង់ចំណុចផ្ទះសំណាក់ «មហារុងរឿង» ស្ថិតក្នុងភូមិខ្លាគ្រហឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីបន្លំលួចយក រថយន្តមួយគញរឿងម៉ាក Rivo ឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ 2BK-4443 ជាកម្មសិទ្ធិរបស់ម្ចាស់ឈ្មោះ រិន រ៉ាវី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិសុភី ឃុំកំពង់ស្វាយ ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ជាភ្ញៀវស្នាក់នៅផ្ទះសំណាក់ខាងលើ ។
មុនពេលកើតហតុ មានជនសង្ស័យម្នាក់ បានបន្លំធ្វើជាម្ចាស់ផ្ទះសំណាក់ ហើយបានទៅគោះទ្វារ យកសោរឡានថា យកទៅរៀបចំទុកដាក់រថយន្ត ឲ្យមានសណ្ដាប់ធ្នាប់ ហើយក៏យកទៅបាត់តែម្ដងទៅ លុះដល់វេលាម៉ោង១១៖១០នាទីយប់ ទើបដឹងថា បាត់រថយន្ត ភ្លាមនោះជនរងគ្រោះ ដែលជាម្ចាស់រថយន្ត បានមកដាក់ពាក្យបណ្ដឹង នៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ៕



