ភ្នំពេញ៖ រថយន្តដឹកជ្រូក រេចង្កូតបុកធ្លាក់ពីលើស្ពាន សង្កត់មនុស្សស្លាប់ និងរងរបួសធ្ងន់ស្រាល ១២នាក់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ៣៖៤០នាទី រសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិ៥៨ ចំណុចស្ពានលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ២៣-២៤ ស្ថិតក្នុងភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
បើតាមលោកវរសេនីយ៍ឯក សែស វិបុល អធិការនគរបាលាស្រុកអូរជ្រៅ បានឲ្យដឹងថា រថយន្តបង្កគ្រោះថ្នាក់ដោយខ្លួនឯងនេះ ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ កំពង់ចាម. MA.8759 ជារថយន្តផ្ទុកទំនិញធន់ធ្ងន់ (ដឹកសត្វជ្រូក) បានបើកបរពីទិសខាងលិចទៅខាងកើត មានអ្នករួមចំនួន ១៣នាក់ ។
លោកអធិការ បន្ថែមថា នៅពេលបើកមកដល់ ចំណុចចំណុចស្ពានលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ២៣-២៤ ស្ថិតក្នុងភូមិប្រាសាទ ឃុំអូរបីជាន់ រថយន្តបានរេចង្កូត ទៅខាងស្តាំបុកនឹងបង្កាន់ដៃស្ពានពេញទំហឹង បណ្ដាលឲ្យរថយន្ត ផ្លោះបង្កាន់ដៃស្ពានជាប់ពាក់កណ្តាល ចំណែក្បាលរថយន្តបានធ្លាប់ទៅនឹងដីសង្កត់អ្នករួមដំណើរស្លាប់ម្នាក់ រងរបួសធ្ងន់ចំនួន ៦នាក់ និង ៦នាក់ទៀត របួសស្រាល ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត ចំណែកអ្នកបើកបរក្រោយពីកើតហេតុបាន រត់គេចខ្លួនបាត់ស្រមោល ។
បច្ចុប្បន្ន រថយន្តត្រូវបាននគរបាលជំនាញចរាចរណ៍ស្រុក រៀបចំស្ទូចយកមកទុកនៅអធិការដ្ឋាន នគរបាលស្រុក ដើម្បីរកម្ចាស់ និងអ្នកបើកបរចូលខ្លួនមកដោះស្រាយតាមច្បាប់ ៕




