ជំនន់​ទឹកភ្លៀង សម្លាប់​ក្មេងស្រី​អាយុ ១ខួបកន្លះម្នាក់ និង​លិចលង់​ផ្ទះពលរដ្ឋជិត ៥០០គ្រួសារ នៅ​ស្រុក​ព្រៃនប់ 

0

ភ្នំពេញ៖ បើតាមរបាយការណ៍​បឋម​របស់ ​រដ្ឋបាលខេត្ត​ព្រះសីហនុ បានឲ្យដឹងថា ជំនន់​ទឹកភ្លៀង ក្នុងស្រុក​ព្រៃនប់ កាលពី​​ពាក់កណ្តាល​អា​ធ្រា​ត្រ ថ្ងៃទី​១៧ កញ្ញា ឈាន​ចូល​ថ្ងៃទី​១៨ កញ្ញា បានសម្រាប់ក្មេងស្រីអាយុ ១ខួបកន្លះម្នាក់ និងបណ្ដាលឲ្យលិចលង់​ផ្ទះ​ប្រជាពលរដ្ឋចំនួន ៤៧២គ្រួសារ ​។​

​របាយការណ៍ដដែលបន្ថែមថា គិត​ត្រឹម​ម៉ោង ​១០៖៣០ នាទី​ព្រឹក ថ្ងៃទី​១៨ កញ្ញា ករណី​ខាងលើនេះ បណ្តាល​ឲ្យ​លិចលង់​ប៉ះពាល់ ​ផ្ទះ​ប្រជាពលរដ្ឋ សរុប​ចំនួន ៤៧២គ្រួសារ ក្នុង​ឃុំ​ចំនួន​៤ ជាប់​ផ្លូវជាតិ​លេខ​៤ នៅ​ស្រុក​ព្រៃនប់ រួមមាន​៖ ឃុំ​ព្រៃនប់ចំនួន ១២៥គ្រួសារ មនុស្សចំនួន ​៥០៦នាក់, ឃុំ​ទួល​ទទឹងចំនួន ២៨៦គ្រួសារ មនុស្សចំនួន​ ១១៨០នាក់, ឃុំ​អណ្តូង​ថ្មចំនួន ៤៦គ្រួសារ មនុស្ស​ចំនួន ១៨៨នាក់, ឃុំ​សំ​រ៉ុងចំនួន ១៥គ្រួសារ មនុស្ស​ចំនួន ៨៤នាក់ ។

​ជំនន់​ទឹកភ្លៀង​ខាងលើនេះ ក៏បានសម្លាប់​ក្មេងស្រី​ឈ្មោះ វុទ្ធី ស្រី​នី អាយុ ១ខួប​កន្លះ មាន​ទីលំនៅ​ក្នុង​ឃុំ​អណ្តូង​ថ្ម​ ។ ​ក្រៅពីនេះ នៅមានផ្ទះពលរដ្ឋ​តាម​បណ្តា​ឃុំ​មួយចំនួនទៀត ក៏​ទទួលរង​ផលប៉ះពាល់​ខ្លះ​ដែរ តែមិនមានធ្ងន់ធ្ងរដូចឃុំ ៤ ខាងលើនោះទេ ៕​