ភ្នំពេញ៖ យោងតាមរបាយការណ៍បឋម របស់មន្ទីរទេសចរណ៍រាជធានីខេត្ត បានឲ្យដឹងថា ភ្ញៀវទេសចរដែលបាន ធ្វើដំណើរកម្សាន្តនៅតាម គោលដៅទេសចរណ៍នានាទូទាំងប្រទេស ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៨ ខែកញ្ញា ឆ្នាំ២០២០ អំឡុងពេលបុណ្យភ្ជុំបិណ្ឌ មានចំនួនប្រមាណ ១.១១២.៤០៣ នាក់។
ក្នុងចំណោមភ្ញៀវទេសចរជាង ១លាននាក់ ដែលបានធ្វើដំណើរកម្សាន្ត រួមមាន ភ្ញៀវជាតិមានចំនួនប្រមាណ ១.១០៥.៦១១ នាក់ និងភ្ញៀវអន្តរជាតិមានចំនួនប្រមាណ ៦.៧៩២ នាក់ ។
ខេត្តដែលទទួលបានភ្ញៀវទេសចរច្រើន រួមមាន៖ ១.ខេត្តបាត់ដំបង ១៣៤.៤៤០ នាក់, ២.ខេត្តសៀមរាប ១២២.៣៧០ នាក់, ៣.ខេត្តកំពត ៩៤.៤៧៩ នាក់, ៤.ខេត្តកំពង់ឆ្នាំង ៨៥.៥៩៧ នាក់, ៥.ខេត្តពោធិ៍សាត់ ៧២.៣៨៩ នាក់, ៦.ខេត្តព្រះសីហនុ ៦៥.៨២៥ នាក់, ៧.ខេត្តកែប ៦៨.០៥៤នាក់, ៨.ខេត្តកណ្តាល ៦២.៧៤១នាក់ ។
របាយការណ៍ដដែលបានរៀបរាប់ថា ជាការគួរកត់សម្គាល់ លើទិដ្ឋភាពសំខាន់ៗជារួម បើទោះបីមានភ្លៀងធ្លាក់ជាច្រើនកន្លែង ក្នុងភូមិសាស្រ្តខេត្តមួយចំនួន ប៉ុន្តែគោលដៅទេសចរណ៍ភាគច្រើន នៅតែមានភ្ញៀវទេសចរ កម្សាន្តយ៉ាងច្រើនកុះករ។ ការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ជាទូទៅមានភាពល្អប្រសើរ មិនមានបញ្ហា ឬការរំខានណាមួយកើតឡើងគួរកត់សម្គាល់ទេ។ បញ្ហាប្រឈមដែលកើតមានឡើងកន្លងមក ជាពិសេសការគ្រប់គ្រងតម្លៃសេវា និងបញ្ហាសំរាម ត្រូវបានយកចិត្តទុកដាក់ដោះស្រាយ ពីគណៈបញ្ជាការឯកភាពរាជធានីខេត្ត និងកាត់បន្ថយកាន់តែប្រសើរ សម្រាប់ពេលឈប់ សម្រាកបុណ្យភ្ជុំបិណ្ឌនេះ ៕