ក្រោយផ្ទុះអាវុធ ១គ្រាប់ បណ្ដាលឲ្យសង្សារស្លាប់ ក្នុងរថយន្ត បុរសម្នាក់បានដឹកសពចូលសារភាព នៅអាវុធហត្ថស្រុកឧដុង្គ

0

ភ្នំពេញ៖ បុរសម្នាក់ រួមនឹងមិត្តភក្តិម្នាក់ទៀត បានបើករថយន្តដឹកសពសង្សារ ចូលសារភាពនៅកងរាជអាវុធហត្ថស្រុកឧដុង្គ បន្ទាប់ពីកើតមានករណីផ្ទុះអាវុធខ្លីមួយគ្រាប់ បណ្តាលឲ្យសង្សារខ្លួនស្លាប់ភ្លាមៗក្នុងរថយន្ត កាលពីវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកញ្ញា នៅមុខសាលា ខេត្តក្នុងក្រុងកំពង់ឆ្នាំង។

បើតាមសមត្ថកិច្ចឲ្យដឹងថា នៅវេលាទៀបភ្លឺថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ មានបុរសម្នាក់ ឈ្មោះ ទាក់ ឌី អាយុ២៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ មុខរបរលក់ដូរអចលនទ្រព្យ បើកបររថយន្តម៉ាក Lexus RX200T ពណ៌ក្រហម ដោយដឹកមនុស្ស២នាក់ ក្នុងនោះ មានសពស្ត្រីម្នាក់ ឈ្មោះ ធី លីស្សា ភេទស្រី អាយុ១៨ឆ្នាំ ដែលជាសង្សារ ឯម្នាក់ទៀតឈ្មោះ ណយ ប៉ូរ៉ា នៅភ្នំពេញរួមដំណើរ បានចូលខ្លួនមកសារភាព នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកឧដុង្គ។

នៅចំពោះមុខសមត្ថកិច្ចឈ្មោះ ទាក់ ឌី ជាជនបង្កបានសារភាពត្រង់ៗប្រាប់សមត្ថកិច្ចថា ក្រោយធ្វើដំណើរចេញពីខេត្តសៀមរាប ពួកគេទាំង៣នាក់ បានមកដល់ខេត្តកំពង់ឆ្នាំង ក៏ជជែកគ្នាជាមួយសង្សារ គាប់ជួនពេលនោះឈ្មោះធី លីស្សា ជាសង្សារបានឈោងទាញកាំភ្លើងពីលើតាបឡូរថយន្ត ដោយឃើញបែបនេះ រូបគេឈ្មោះទាក់ ឌី បានឈោងទាញដៃសង្សារកុំឲ្យលេង ស្រាប់តែពេលនោះរថយន្តបានរេចង្កូតទៅបុកនឹងខឿនផ្លូវ បណ្តាលផ្ទុះកាំភ្លើងម៉ាក ZORAKI M9o-TD មួយគ្រាប់ចំគល់ដោះខាងឆ្វេង បណ្តាលឲ្យស្លាប់ភ្លាមៗក្នុងរថយន្ត។

ក្រោយពីដឹងថា សង្សារខ្លួនបានស្លាប់ឈ្មោះទាក់ ឌី មិនបានបើករត់គេចខ្លួនទេ បានបើករថយន្តមកចូលក្នុងមូលដ្ឋានកងរាជអាវុធស្រុកឧដុង្គ ដើម្បីប្រាប់ពីដំណើររឿងដល់សមត្ថកិច្ច។

ដោយសារករណីនេះ បានកើតហេតុនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង ពេលសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានប្រគល់ករណីខាងលើទៅឲ្យខាងកំពង់ឆ្នាំង ស្រាវជ្រាវបន្តនិតិវិធី៕