ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានសម្ដែងនូវការ មិនសប្បាយចិត្តជាខ្លាំង ចំពោះឥរិយាបទរបស់ជនជាតិអង់គ្លេសម្នាក់នេះ តំណាងឲ្យអគ្គរដ្ឋទូតរបស់ខ្លួន ដែលអង្គុយគ្មានសីលធម៌ ជាមួយជាតិសាសន៍ខ្មែរ ។
ការសម្ដែងនូវការមិនសប្បាយចិត្ត របស់លោក ពេជ្រ ស្រស់ កេីតមានឡេីងបន្ទាប់ពី លោកបានឃេីញរូបភាព លោក Marc Thayre អនុប្រធាន បេសកកម្មនៃ ស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា អង្គុយគ្មានសីលធម៌ ក្នុងជំនួបជាមួយលោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃ១៥ កញ្ញា។
លោក ពេជ្រ ស្រស់ បានបញ្ចេញប្រតិកម្មខ្លាំងៗ លេីហ្វេសប៊ុកនៅថ្ងៃទី១៧ កញ្ញា ក្នុងន័យដេីមទាំងស្រុងថា “ខ្ញុំ ពេជ្រ ស្រស់ សូមសម្តែងការមិនសប្បាយចិត្ត និងមិនស្វាគមន៍ ចំពោះឥរិយាបទជនបរទេស ដែលមិនផ្តល់តម្លៃដល់ ទំនៀមទម្លាប់របស់ខ្មែរ ពីព្រោះទំនៀមទម្លាប់របស់ខ្មែរ គឺ មានការគោរព ដោយកាយវិកា ទន់ភ្លន់ ស្វាគមន៍ភ្ញៀវ បត់បែន ទៅតាមទំនៀមទម្លាប់របស់ ជាតិសាសន៍ដទៃទៀតដោយ មិនរំលងសីលធម៌កាទូតនោះឡើយ ផ្ទុយទៅវិញខ្ញុំមានការ មិនសប្បាយចិត្តជាខ្លាំង ចំពោះឥរិយាបទរបស់ ជនជាតិអង់គ្លេសម្នាក់នេះ តំណាងឲ្យអគ្គ
រដ្ឋទូតរបស់ខ្លួន ដែលអង្គុយគ្មានសីលធម៌ ជាមួយជាតិសាសន៍ខ្មែរ ហើយបើទោះបី វប្បធម៌ អង្គុយរបស់អ្នកវាសាមញ្ញសម្រាប់ជនជាតិអ្នក ប៉ុន្តែអ្នកបានអង្គុយនៅលើទឹកដីខ្មែរ ដូច្នេះគឺវាមិនសាមញ្ញសំរាប់ជនជាតិខ្មែរនោះឡើយ ក្នុងន័យនេះខ្ញុំសុំឲ្យស្ថានទូតអង់គ្លេសប្រចាំ ប្រទេសកម្ពុជាជួយពិនិត្យមើលឥរិយាបទសហការីរបស់ខ្លួន និងសូមសិក្សាពីទំនៀមទម្លាប់ខ្មែរឲ្យបានច្បាស់ ជៀសវាងមានភាពឥរិយាបទឆ្គមឆ្គងលើទំនៀមទម្លាប់របស់ខ្មែរ អាចបង្កររូបភាពអសីលធម៌។ ប្រទេសកម្ពុជាតូចក៏ពិតមែន ប៉ុន្តែពួកយើងក៏មាននូវទំនៀមទម្លាប់ក្នុង
ការគោរពគ្នាផងដែរ ហើយប្រទេសអ្នកធំមែន ក៏ប៉ុន្តែអ្នកក៏ត្រូវគោរពសិទ្ធិប្រទេសដែលតូចដែរ” ៕