ថ្វីត្បិតកម្ពុជា បានចុះហត្ថលេខាលើ FTA តែការនាំទំនិញ ទៅទីផ្សារអន្តរជាតិ នៅជួបបញ្ហាមួយចំនួន 

0

ភ្នំពេញ៖ លោក ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ថ្វីត្បិតតែកម្ពុជាបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ក្នុងតំបន់ និងពិភពលោក ប៉ុន្តែការនាំចេញទំនិញពីកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ នៅជួបបញ្ហាមួយចំនួន ។ នេះបយោងតាមហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម។

កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្ម មានរៀបចំកិច្ចប្រជុំ ពិភាក្សាមួយស្តីពីការងារជំរុញផលិតកម្ម និងនាំចេញទំនិញក្រោមក្របខ័ណ្ឌតំបន់ និងទ្វេភាគី ក្រោមអធិបតីភាព ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គនាយក និងមន្ត្រីជំនាញពីអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ អគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើការងារជំរុញផលិតកម្ម និងនាំចេញទំនិញក្រោមក្របខ័ណ្ឌតំបន់ និងទ្វេភាគី ដើម្បីទាញយកផលប្រយោជន៍ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានស្រាប់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលគ្រោងនឹងចុះហត្ថលេខា ជាមួយដៃគូទេ្វភាគី និងពហុភាគី សំដៅជំរុញផលិតកម្មក្នុងស្រុក និងពង្រីកទីផ្សារសម្រាប់ការនាំចេញ ទំនិញកម្ពុជាទៅទីផ្សារក្នុងតំបន់ និងពិភពលោក។

នៅក្នុងកិច្ចប្រជុំលោក ស៊ាង ថៃ បានលើកឡើងពីអនុសាសន៍របស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលបានណែនាំឲ្យមន្រ្តីពាក់ព័ន្ធទាំងអស់ ចូលរួមពិភាក្សាគ្នា និងប្រមូលធាតុចូលពីគ្រប់ អគ្គនាយកដ្ឋានរបស់ក្រសួង ដើម្បីសិក្សាថា តើកម្ពុជាអាចនាំចេញទំនិញអ្វីបានខ្លះ? ហើយចំណេញ និងបាត់បង់ប្រយោជន៍អ្វីខ្លះ ក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀង ពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោក? ដោយយោងតាមអនុសាសន៍ ចង្អុលណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកន្លងទៅ។

លោករដ្ឋលេខាធិការ បញ្ជាក់ថា «ថ្វីត្បិតតែកម្ពុជាបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងតំបន់ និងពិភពលោក ជាអាថ៌ អង្គការពាណិជ្ជកម្មពិភពលោក, សមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន និងប្រទេសដៃគូ រួមមាន ចិន ជប៉ុន កូរ៉េ អូស្ត្រាលី ឥណ្ឌា និងណូវែលហ្សឺឡង់ប៉ុន្តែការនាំចេញទំនិញពីកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិទាំងនោះ នៅជួបបញ្ហាមួយចំនួន ដូច្នេះយើងត្រូវសិក្សាទៅលើ បញ្ហាទាំងនោះឲ្យបានលម្អិត ហើយសរសេរជា របាយការណ៍សិក្សាស្រាវជ្រាវ ជូនឯកឧត្តមរដ្ឋមន្រ្តី ពិនិត្យ និងសម្រេចមុននឹងដាក់ជូនរាជរដ្ឋាភិបាល ដើម្បីស្វែងរកដំណោះស្រាយ» ។

កិច្ចប្រជុំ ក៏បានពិភាក្សាទៅលើ គោលនយោបាយជំរុញផលិតកម្ម ការបើកច្រកទីផ្សារទំនិញ វិធានប្រភពដើមទំនិញ វិនិយោគទុនដោយផ្ទាល់ពីបរទេស (FDI) និងវិនិយោគទុនក្នុងស្រុក ការវិភាគថ្លៃដើមទំនិញ ចំណុចខ្លាំងចំណុចខ្សោយរបស់កម្ពុជា និងការជំរុញផលិតកម្ម និងការនាំចេញ ជាពិសេសទំនិញសក្កានុពលរបស់កម្ពុជា ដែលទទួលបានការអនុគ្រោះពន្ធពីដៃគូពាណិជ្ជកម្មនានា ក្នុងតំបន់ និងពិភពលោក។

ជាលទ្ធផល អង្គប្រជុំ បានឯកភាពគ្នាបន្តសិក្សាលម្អិតបន្ថែម ពីផលប្រយោជន៍ដែលទាញបាន ពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលមានស្រាប់ កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលបានចរចារួចរាល់ ហើយគ្រោងនឹងចុះហត្ថលេខា និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលគ្រោងចាប់ផ្តើមចរចា ដោយចាប់ផ្តើមពីការរៀបចំ ចងក្រងបញ្ជីផលិតផល ដែលមានសក្កានុពលរបស់កម្ពុជាចំនួន ២០មុខ សម្រាប់ជំរុញផលិតកម្ម និងពង្រីកការនាំចេញ។ ក្នុងនោះអង្គប្រជុំ ក៏បានឯកភាពគ្នា ធ្វើការស្រាវជ្រាវ និងស្វែងរកឲ្យឃើញពីបញ្ហា ដែលជួបប្រទះក្នុងផលិតកម្ម និងរបាំងឧបសគ្គនានា ដែលរាំងស្ទះដល់ការនាំចេញនូវផលិតផលទាំងនោះ ដោយរៀបចំធ្វើជាតារាងម៉ាទ្រិច ការងារសម្រាប់ធ្វើការពិនិត្យ និងតាមដានបន្ត ៕