កម្ពុជា-អង់គ្លេស ប្តេជ្ងាជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្មបន្ថែមទៀត

0

ភ្នំពេញ៖ កម្ពុជា-អង់គ្លេស បានប្ដេជ្ញាជំរុញ កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ពិសេសលើវិស័យពាណិជ្ជកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ដែលបានប៉ះពាល់ដោយ មេរោគរាតត្បាតជាសកលកូវីដ-១៩ ។ នេះបើយោងតាមហ្វេសប៊ុក ក្រសួពាណិជ្ជកម្ម ។

កាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្មលោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សារ ការងារជាមួយលោក Marc Thayre អនុប្រធានបេសកកម្មនៃ ស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា និងសហការី។

នៅក្នុងជំនួបនេះ លោករដ្ឋលេខាធិការ បានរំលេចពីសក្តានុពល ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អង់គ្លេស ដែលមានទំហំទឹកប្រាក់ប្រមាណ ១,០៥ ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០១៩ ដែលក្នុងនោះកម្ពុជានាំចេញ ទៅអង់គ្លេសក្នុងទំហំទឹកប្រាក់ជាង ៩៧៨ លានដុល្លារអាមេរិក ពិសេសលើផលិតផលសម្លៀកបំពាក់ កង់ និងស្បែកជើង។

លោករដ្ឋលេខាធិការ ក៏បានបង្ហាញជំហររបស់កម្ពុជា ក្នុងការគាំទ្រប្រព័ន្ធពហុភាគីនិយម ក្នុងពាណិជ្ជកម្មអន្តរជាតិ គាំទ្រកិច្ចកំណែរទម្រង់ អង្គការពាណិជ្ជកម្មពិភពលោក សំដៅធានាតម្លាភាព និងភាពស្មើរគ្នារវាងសមាជិក ព្រមទាំងជំរុញប្រទេសអភិវឌ្ឍន៍ រួមទាំងអង់គ្លេស ឱ្យបន្តគាំទ្រសកម្មភាពពាណិជ្ជកម្ម របស់ប្រទេសកំពុងអភិវឌ្ឍ និងប្រទេសមានការអភិវឌ្ឍតិចតួច តាមរយៈការផ្តល់ប្រព្រឹត្តកម្ម ដោយឡែកនិងពិសេស (S&DT) ក្នុងការធ្វើពាណិជ្ជកម្ម។

ក្នុងនោះផងដែរ លោករដ្ឋលេខាធិការ និងលោក Marc Thayre អនុប្រធានបេសកកម្ម ក៏បានពិភាក្សាលើគោលនយោបាយ ពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស ក្រោយការចាកចេញពីសហភាពអឺរ៉ុប (Brexit) និងដំណើរការវិវត្តនៃការជ្រើសរើស អគ្គនាយកថ្មីរបស់អង់ការពាណិជ្ជកម្មពិភពលោក ដែលក្នុងនោះមានបេក្ខភាព មកពីអង់គ្លេសផងដែរ។

ជាចុងក្រោយ លោករដ្ឋលេខាធិការ និងលោក Marc Thayre អនុប្រធានបេសកកម្មស្ថានទូតអង់គ្លេស បានបង្ហាញសុទិដ្ឋិនិយមលើ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេសក្នុងវិស័យពាណិជ្ជកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ដែលបានប៉ះពាល់ដោយ មេរោគរាតត្បាតជាសកលកូវីដ-១៩ ៕