ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានឲ្យដឹងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៥ កញ្ញានេះថា ព្រះរាជាណាចក្រកម្ពុជា ដែលបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេសទាំង១០ ដែលមានបដិសណ្ឋារកិច្ចល្អបំផុត ចំពោះជនបរទេស និងភ្ញៀវទេសចរ ក្នុងឆ្នាំ២០២០ ។
បើយោងតាមវែបសាយអន្តរជាតិ My International Movers បានឲ្យដឹងដែរថា មានប្រទេសសរុបចំនួន១០ ត្រូវបានគេចាត់ទុកជាកន្លែង ដែលផ្តល់ភាពស្វាគមន៍យ៉ាងរាក់ទាក់ ជាទីបំផុតចំពោះជនបរទេស។ ដោយមិនខ្វល់ថា ពួកគេសម្រេចចិត្តចង់ផ្លាស់ទីលំនៅ ឬក៏គ្រាន់តែចង់ចំណាយពេលវេលា វិស្សមកាលដ៏ល្អមួយនោះទេ គឺពួកគេគួរតែពិចារណា លើប្រទេសទាំង១០នេះ។
ប្រទេសទាំង១០ នោះរួមមាន៖ ព្រះរាជាណាចក្រកម្ពុជា នូវែលសេឡង់ កាណាដា ម៉ិចស៊ីកូ ហ្វីលីពីន វៀតណាម អ៊ីសឡង់ កូស្តារីកា អៀរឡង់ និងព័រទុយហ្គាល់ ។ ដោយក្នុងចំណោមប្រទេសទាំង១០នេះ កម្ពុជាត្រូវគេចាត់ទុកជាប្រទេស កំពុងតែប្រែក្លាយជាឋានសួគ៌ សម្រាប់ជនបរទេស ដែលមករស់នៅទីនេះ។
បើតាមការស្ទង់មតិភាគច្រើន ប្រជាជនកម្ពុជាគឺមាន អត្តចរឹករួសរាយរាក់ទាក់ និងស្វាគមន៍ជាទីបំផុត ចំពោះជនបរទេស មិនថាជាភ្ញៀវទេសចរ ឬមួយក៏អ្នកផ្លាស់មក រស់នៅទីនេះឡើយ ៕