ត្រឹមកន្លះខែកញ្ញា នគរបាលចរាចរ ផាកពិន័យយានយន្ត ល្មើសច្បាប់ជាង ១ម៉ឺនគ្រឿង

0

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា រយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃ១ ដល់ទី១៥ ខែកញ្ញា នៃការរឹតបន្ដឹងការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក នគរបាលចរាចររកឃើញមធ្យោបាយ ល្មើសសរុបចំនួន ១២.៦៤៧គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៨.៩៣៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស ។

ដោយឡែកនៅថ្ងៃទី១៥ កញ្ញា នៃការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយល្មើសសរុបចំនួន ៧០១គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៥៣៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា រយៈពេល ១៥ថ្ងៃ នៃការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ ៕