ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ប្រកាសមិនលើកលែង ឲ្យជនណាដែលលក់ផលិតផលក្លែងក្លាយ និងខូចគុណភាព មិនគិតគូរពីសុខភាពប្រជាពលរដ្ឋ ។ នេះការបញ្ជាក់របស់លោក មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ។
លោក មៀច សុផាន់ណា បានថ្លែងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី ការចុះបង្ក្រាប និងរឹបអូសបានផលិតផលដែលហាមឃាត់ ក្លែងក្លាយ អន់គុណភាព ផុតសុពលភាព និងខុសច្បាប់ ដូចជា ផលិតផលស៊ីហ្សា បារីអេឡិចត្រូនិច ភេសជ្ជៈ ឱសថ និងផលិតផលផ្សេងៗទៀត ជាង ៥០០តោន នាថ្ងៃទី១៥ កញ្ញានេះ ។
លោក មៀច សុផាន់ណា បញ្ជាក់យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលនឹងមិនអត់ឱន និងមិនលើកលែងឲ្យជនខិលខូចទេ ដែលផលិតចែកចាយរបស់ទាំងហ្នឹងលក់ ធ្វើយ៉ាងម៉េចឲ្យតែបានចំណេញលុយ មិនគិតគូរពីសុខភាព និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ» ។
លោកបន្ថែមថា កន្លងមកគណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ ក៏បានធ្វើការបង្ក្រាប ជាច្រើនករណីរួចមកហើយដែរ ។ លោកថា ការបង្ក្រាបនេះ ក៏ជាផ្ញើសារទៅអ្នករកស៊ីដែរថា រាជរដ្ឋាភិបាល មានវិធានការគ្រប់ពេលវេលា ចំពោះអ្នករកស៊ីលើផលិតផល ក្លែងក្លាយនេះ ៕