ភ្នំពេញ៖ មន្ទីររ៉ែ និងថាមពល ខេត្តមណ្ឌលគិរី បានបដិសេធទាំងស្រុង ចំពោះហ្វេសប៊ុកជនជាតិវៀតណាមមួយ ដែលបានសរសេរថា មានការជីករករ៉ែត្បូងនៅមណ្ឌលគិរី ។
យោងតាមលិខិតបដិសេធរបស់ មន្ទីររ៉ែ និងថាមពល ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៤ កញ្ញាថា «សូមធ្វើការបដិសេធទាំងស្រុងថា ចំពោះការជីកករកាយរ៉ែត្បូងថ្ម នៅក្នុងរូបភាពអត្ថបទខាងលើនេះ មិនមែនស្ថិតនៅក្នុងភូមិសាស្រ្ត ខេត្តមណ្ឌលគិរីឡើយ សូមសាធារណៈជនកុំមានការយល់ច្រឡំ ខ្លឹមសារដែលបានចុះផ្សាយទាំងនេះ គឺមានចរិកលក្ខណៈមួលបង្កាច់ខុសពីការពិត ក្នុងន័យបំភ័ន្តសាធារណៈមតិ ឲ្យមានការយល់ច្រឡំដែល ធ្វើឲ្យបះពាល់ដល់កិត្តិយសស្ថាប័ន ក្រសួង មន្ទីរវិស័យជំនាញគ្រប់គ្រងពាក់ព័ន្ធ ជាពិសេសថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី»។
ជាមួយគ្នានេះមន្ទីររ៉ែ និងថាមពល ខេត្តមណ្ឌលគិរី ក៏បានធ្វើការអំពាវនាវ ដល់ស្ថាប័នមានសមត្ថ កិច្ចគ្រប់ជាន់ថ្នាក់ សូមជួយស្វែងរកជនដែលមាន ចរិកលក្ខណៈបំពុលសង្គម ចុះផ្សាយព័ត៌មានមិនពិតនេះ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន ។
សូមរំលឹកថា កាលពីថ្ងៃទី១៣ កញ្ញា មានហ្វេសប៊ុកជនជាតិវៀតណាម ឈ្មោះ Gỗ Đá Đăng Tâm បានបង្ហោះពីសកម្មភាពជីកត្បូងថ្ម ហើយ Check in នៅខេត្តមណ្ឌលគិរី។ ក្រោយឃើញប្រជាពលរដ្ឋខ្មែរ ប្រតិកម្មខ្លាំងៗបែបនេះ ហ្វេសប៊ុកនេះ ក៏បានចេញមកកែតម្រូវ និងសំទោលចំពោះការ Check in របស់ខ្លួន ធ្វើឲ្យមានការភ័ន្ដច្រឡំបែបនេះ ។ ហើយត្បូងដែលខ្លួនបង្ហោះនោះ គឺនាំមកពីប្រទេសឥណ្ឌា អាហ្វ្រិកខាងត្បូង និងម៉ាឡេស៊ីជាដើម ៕