ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអំពាវនាវអភិបាលរាជធានី-ខេត្ត ទាំង២៥ ត្រូវយកចិត្តទុកដាក់ ពង្រឹងការអនុវត្តន៍វិធានការសុខាភិបាល ដើម្បីទប់ស្កកាត់ការចម្លងគ្រុនផ្តាសាយធំ ។
តាមរយៈសេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ កញ្ញានេះ លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង បានបន្តក្រើន រំលឹកឲ្យ អភិបាលរាជធានី-ខេត្តទាំងអស់ យកចិត្តទុកដាក់ទៀត ក្នុងការចាត់វិធានការ និងតាមដានការអនុវត្តវិធានការសុខាភិបាល តាមការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងរបស់ក្រសួងសុខាភិបាល ដែលធ្លាប់បានផ្សព្វផ្សាយ ជារឿយៗរួចមកហើយ។
លោករដ្ឋមន្ត្រីបន្តថា ក្រសួងបានសង្កេតឃើញកន្លងមក មានការចម្លងជំងឺគ្រុនផ្ដាយសាយធំ នៅតាមទីវត្តអារ៉ាម ដូចជា នៅខេត្តតាកែវ ខេត្តត្បូងឃ្មុំ និងក្នុងពេលថ្មីៗនេះ នៅខេត្តបាត់ដំបងដែល មានព្រះសង្ឃជាច្រើនអង្គ និងនាក់ មានអាពាធដោយមានរោគសញ្ញា ដូចជា ក្ដៅព្រះកាយលើពី ៣៧.៥អង្សារសេ ក្អក និងហៀរសំបោរជាដើម ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា «សូមធ្វើការអំពាវនាវសារជាថ្មី និងក្រើនរំលឹកប្រគេនដល់ព្រះសង្ឃ និងជូនដល់គណៈកម្មការវត្ត និងប្រជាពលរដ្ឋទាំងអស់ ជា ពិសេស ក្នុងអំឡុងពេលកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ នេះ ត្រូវយកចិត្តទុកដាក់ពង្រឹងវិធានការ អនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារព្រះកាយ ការពារខ្លួនលោកអ្នកពីការចម្លងវីរុសកូវីដ-១៩ ការចម្លងគ្រុនផ្ដាយធំ និងការចម្លងជំងឺឆ្លងផ្សេងៗទៀត» ៕