ភ្នំពេញ៖ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវ ៩ចំណុច ដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីបង្ការ និងទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ។
យោងតាមសេចក្ដីអំពាវនាវរបស់ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៥ កញ្ញានេះ បានឲ្យដឹងថា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ដែលបាននិងកំពុងតែប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ប្រជាពលរដ្ឋអាចនឹងមាន សកម្មភាពធ្វើចរាចរណ៍ ទៅកាន់ទីវត្តអារាម ស្រុកកំណើត និង ដំណើរកម្សាន្តទូទាំងប្រទេសយ៉ាងមមាញឹក ហើយក៏អាចមានកំណើនគ្រោះថ្នាក់ ចរាចរណ៍ផងដែរ។
ដើម្បីទប់ស្កាត់បញ្ហាប្រឈមនេះ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមសំណូមពរដល់ ប្រជាពលរដ្ឋទាំងអស់មេត្តា យកចិត្តទុកដាក់រក្សាសុវត្ថិភាព ក្នុងការធ្វើចរាចរណ៍ ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការសំខាន់ៗ ដូចខាងក្រោម៖
១.ចំពោះរថយន្តដឹកអ្នកដំណើរ ឬរថយន្តដឹកទំនិញ សូមកុំផ្ទុកមនុស្ស ឬទំនិញលើសច្បាប់កំណត់ ជាពិសេសរថយន្តដឹកអ្នកដំណើរ មិនត្រូវផ្ទុកមនុស្សនៅលើដំបូល និងសុំកុំដំឡើងថ្លៃសំបុត្រធ្វើដំណើរ។
២.ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះរបស់ខ្លួន មុនពេលធ្វើចរាចរណ៍។
៣.អ្នកបើកបររថយន្ត និងអ្នករួមដំណើរ សូមពាក់ខ្សែក្រវាត់សុវត្ថិភាពឲ្យបានត្រឹមត្រូវជាប់ជាប្រចាំ។
៤.អ្នកបើកបរម៉ូតូ និងអ្នករួមដំណើរទាំងអស់ ត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវគ្រប់ៗគ្នា ទោះធ្វើ ដំណើរជិត ឬ ឆ្ងាយ និងគ្រប់ពេលវេលា។ ត្រូវចងចាំជានិច្ចថា «មួកសុវត្ថិភាពមួយ ជួយការពារជីវិត បានម្នាក់ »។
៥.អ្នកបើកបរត្រូវបន្ថយល្បឿន បើកបររបស់ខ្លួនទៅតាមច្បាប់កំណត់ និងតាមស្ថានភាពជាក់ស្តែង ដូចជា ទីប្រជុំជន សាលារៀន ផ្លូវកោង ផ្លូវប្រសព្វ ផ្លូវចំណោត ផ្លូវចង្អៀត ឬផ្លូវរអិល -ល- មូលហេតុចម្បង ដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក គឺការបើកបរលើសល្បឿនកំណត់។
៦.អ្នកបើកបរមុននឹងវ៉ា ជើង ត្រូវដឹងច្បាស់ថាផ្លូវខាងមុខទំនេរ អាចជែងបានដោយសុវត្ថិភាពជៀសវាងការ វ៉ា ជើងដោយប្រថុយប្រថាន ដែលអាចបង្កឲ្យមាន គ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។
៧.អ្នកបើកបរត្រូវគោរពសិទ្ធិអាទិភាព នៅត្រង់ផ្លូវប្រសព្វ ដោយត្រូវបើកបរបន្ថយល្បឿននៅពេលជិត ដល់ផ្លូវប្រសព្វ និងត្រូវទុកសិទ្ធិ ឲ្យអ្នកបើកបរដែលធ្វើ ចរាចរណ៍នៅលើផ្លូវធំ និងត្រង់ ទៅមុន។
៨.មិនបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន និងសូមចងចាំជានិច្ចនូវពាក្យស្លោក «បើពិសា គ្រឿងស្រវឹង កុំបើកបរ»។ ស្ថានភាពស្រវឹងនឹងបង្កឲ្យ អ្នកបើកបរបាត់ការចងចាំ វង្វេងស្មារតី មិន អាចបញ្ជាយានបានដោយសុវត្ថិភាព ងាយប្រឈមនឹងការបង្ក គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។
៩.នៅពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវសុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញ ទៅមក ដើម្បីទប់ស្កាត់គ្រោះថ្នាក់ ឬសម្រួលស្ថានភាពកកស្ទះចរាចរណ៍។
គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក សង្ឃឹម និងជឿទុកចិត្ត លើស្មារតីប្រុងប្រយ័ត្នរបស់សាធារណជន ក្នុងការអនុវត្តសេចក្ដីអំពាវនាវនេះ ដើម្បីនាំមកនូវសុវត្ថិភាព និងសេចក្ដីសប្បាយរីករាយជាមួយក្រុមគ្រួសារ ក្នុងឱកាសប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខាងមុខនេះ ៕