សម្ដេចតេជោ ហ៊ុន សែន នៅតែបន្តប្រាប់ឲ្យ ពលរដ្ឋថែរក្សាសុខភាព ទោះកម្ពុជាគ្មានអ្នកឆ្លងកូវីដ១៩ថ្មី

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅតែបន្តអំពាវនាវឲ្យ បងប្អូនប្រជាពលរដ្ឋ ថែរក្សាអនាម័យ សុខភាព ទោះបីកម្ពុជាមិនមានករណី ឆ្លងជំងឺកូវីដ១៩ថ្មីក៏ដោយ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៤ កញ្ញានេះ សម្ដេតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ថ្ងៃទី១៤ កញ្ញានេះ គឺជាថ្ងៃកាន់បិណ្ឌ១២ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិ របស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទមានឱកាស ក្នុងការធ្វើបុណ្យទាន សន្សំកុសល និងការជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីអារាមនានា។

សម្ដេចបន្តថា ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ២០២០នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០២០។ សម្ដេចក៏បានប្រាប់ឲ្យ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់ បងប្អូនប្រជាពលរដ្ឋ និងទេសចរនៅក្នុងកំឡុងពេលបុណ្យភ្ជុំនេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់ថា «សូមបងប្អូនប្រជាពលរដ្ឋ បន្តចូលរួមទប់ស្កាត់ការឆ្លង រីករាលដាលជំងឺកូវីដ-១៩ ដោយឧស្សាហ៍ដុសលាង សម្អាតដៃជាមួយសាប៊ូ ចឹល ទឹកអាល់កុល នឹងពាក់ម៉ាសក្នុងពេលចូលរួម ពិធីដែលមានអ្នកចូលរួមច្រើន ដូចជាក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះជាដើម។ កុំធ្វេសប្រហែសឬមើលស្រាលជំងឺកូវីដ-១៩ អោយសោះ ព្រោះជាជំងឺឆ្លងរាតត្បាត សាហាវខ្លាំងណាស់ ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។ សូមជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបតែសេចក្តី សុខសេចក្តីចម្រើនគ្រប់ៗគ្នាកុំបីខាន» ។

សូមរំលឹកថា កាលពីថ្ងៃទី១១ កញ្ញា អ្នកជំងឺកូវីដ១៩ នៅកម្ពុជាទាំង ២៧៤នាក់ បានជាសះស្បើយ ១០០% បន្ទាប់ពីអ្នកជំងឺចុងក្រោយគេបង្អស់ ត្រូវបានព្យាបាលជាសះស្បើយ ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានព្យបាលជាសះស្បើយ ១០០% លើកទី១ ម្តងរួចទៅហើយ ដែលនៅពេលនោះ ប្រទេសកម្ពុជាបានរកឃើញអ្នកជំងឺកូវីដ-១៩ សរុបចំនួន ១២២នាក់ប៉ុណ្ណោះ ។ ដោយឡែកគិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ពុំមានករណីឆ្លងជំងឺកូវីដ១៩ថ្មីឡើយ ៕