៦ខែ អាជ្ញាធរខេត្តព្រះសីហនុ បង្ក្រាបបទល្មើសគ្រឿងញៀនជាង ១០០ករណី ឃាត់ខ្លួនជនសង្ស័យជាង ២០០នាក់

0

ភ្នំពេញ៖ រយៈពេល ៦ខែ ឆ្នាំ២០២០ អាជ្ញាធរខេត្តព្រះសីហនុ បង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ១១២ករណី ឃាត់ខ្លួនជនសង្ស័យ ២៥៦នាក់ ។ នេះបើយោងតាមហ្វេសប៊ុក រដ្ឋបាលខេត្តព្រះសីហនុ ។

កាលពីថ្ងៃទី១៤ កញ្ញានេះ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បើកកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារត្រួត ពិនិត្យគ្រឿងញៀនឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ និងកងកម្លាំងប្រដាប់អាវុធ ។

ក្នុងកិច្ចប្រជុំបានបញ្ជាក់ថា «លទ្ធផលរយៈពេល ៦ខែ ដើមឆ្នាំ ២០២០ បង្ក្រាបបទល្មើសគ្រឿងញៀន ខុសច្បាប់បានចំនួន ១១២ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន ២៥៦នាក់ ស្រី ២០នាក់ ក្នុងនោះជនបរទេសចំនួន ២០នាក់ ជនជាតិចិន ១៨នាក់ ស្រី ៥នាក់ជនជាតិឥណ្ឌូណេស៊ី ២នាក់ ។ និងឃាត់ខ្លួនជនសង្ស័យចំនួន ២៥៦នាក់ ចំពោះលទ្ធផលនៃ ការបង្ក្រាបបទល្មើសគ្រឿងញៀន ស្នងការនគរបាលខេត្តបង្ក្រាបបានចំនួន ៩៧ករណី និងកងរាជអាវុធហត្ថខេត្តបង្ក្រាបបានចំនួន ១៥ករណី» ។

វត្ថុតាងដែលដកហូតបានរួមមាន៖ ថ្នាំញៀនមេហ្វេតាមីន ទឹកកក ICE ៥១៥កញ្ចប់ មានទម្ងន់ ១,៤៦៥.៥៤ក្រាម .មេតំហ្វេតាមីនគ្រាប់ (WY) ចំនួន ១០២ គ្រាប់ ទម្ងន់សុទ្ធ ២០៤.៧៥ ក្រាម ថ្នាំញៀននីមេតាហ៊្សេប៉ាម (NEMETAZWPAM) ទម្ងន់ ចំនួន ១៧២.៦៦ក្រាម ថ្នាំញៀនកេតាមីន (KETAMINE ) ទម្ងន់ ៣៤.៧២ក្រាម   រុក្ខជាតិកញ្ឆាក្រៀម០២កញ្ចប់ ទម្ងន់សុទ្ធ ១១.៦៩ក្រាម និងរុក្ខជាតិញៀន(កញ្ឆាមូលបារី) ចំនួន ៤ដើម ទម្ងន់សុទ្ធ ១.៤៩ក្រាម ថ្នាំញៀនអ៉ិចស្តាស៊ី (Mdama) ទម្ងន់១១.៣២ ក្រាម ថ្នាំញៀនអ៉ិចស្តាស៊ីគ្រាប់ (MDMA)មាន៤គ្រាប់ ទម្ងន់ ១.៣១ក្រាម ថ្នាំញៀន MDMA ពណ៌ត្នោត០,៦៣ក្រាម ថ្នាំញៀន MDMA ពណ៌បៃតង ទម្ងន់៨,៣៩ក្រាម ថ្នាំញៀនMDMA ពណ៌ផ្កាឈូក ទម្ងន់ ១៦.១៧ក្រាម

ថ្នាំញៀន MDMA ពណ៌បៃតងលាយត្នោត ទម្ងន់ ៦.៤៣ក្រាម ថ្នាំញៀន MDMA ពណ៌ប្រផេះ ទម្ងន់ ៥.៦២ក្រាម ថ្នាំញៀនMDMA ពណ៌ស្លាទុំ ទម្ងន់១៨.៧៦ក្រាម ថ្នាំញៀន MDMA ប្រភេទដបចំនួន ៧ដប ប្រភេទម្សៅក្រាមពណ៌សថ្លាចំនួន៤៤កញ្ចប់ ទម្ងន់ ៤២២.១៨ក្រាម កេតាមីនម្សៅប្រភេទ (K) ១កញ្ចប់ ទម្ងន់១៣.៣៣ក្រាម និងសម្ភារៈមួយចំនួនទៀត ។

ចំនួនអ្នកមានគ្រឿងញៀន ដែលបានទទួលការព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនមានចំនួន ៣០នាក់ នៅមណ្ឌលបន្សាបគ្រឿងញៀន កងរាជអាវុធហត្ថខេត្តព្រះសីហនុ ។ បច្ចុប្បន្ននៅសល់ ១០នាក់ទៀត ក្នុងមណ្ឌលបន្សាបគ្រឿងញៀន កងរាជអាវុធហត្ថខេត្តព្រះសីហនុ ។

ក្នុងឱកាសនោះលោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ទោះបីពួកឈ្មួញជួយដូរ នៅតែមានល្បិចកល់នូវ សកម្មភាពលួចលាក់ យកមកប្រើប្រាស់ ចែកចាយនៅតាមភូមិសាស្ត្រខេត្តព្រះសីហនុ ប៉ុន្តែសមត្ថកិច្ចយើងព្យាយាម ឆ្មក់ចាប់បានជាបន្តបន្ទាប់ និងបញ្ជូនទៅស្ថាប័ន ចាត់វិធានការតាមនីតិវិធីច្បាប់ ស្របតាមផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៥ ការងារអាទិភាពដែលយើង ត្រូវតែអនុវត្តដើម្បីថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈសង្គម និងសុខមាលភាពរបស់ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។

ជាមួយគ្នានោះឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ៣ចំណុចរួមមាន៖ ១.វិធានការអនុវត្តច្បាប់ ទប់ស្កាត់ ការចរាចរណ៍ការជួញដូរគ្រឿងញៀន, ២.ផ្សព្វផ្សាយអប់រំផលប៉ះពាល់ ដោយសារគ្រឿងញៀនឱ្យបានទូលំទូលាយ នៅតាមមូលដ្ឋានមន្ទីរ អង្គភាព ស្ថាប័ននានា, ៣.ការព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន សំដៅធ្វើការផ្លាស់ប្ដូរព័ត៌មាន ករណីគ្រឿងញៀនជាមួយ ស្ថាប័នពាក់ព័ន្ធនានា ៕