ព្រះសង្ឃជាង ៤០អង្គ គង់នៅវត្តស្វាយដង្គំ មានអាការៈក្តៅខ្លួនលើសពី ៣៧,៥°C និងហៀរសំបោរ ៦ថ្ងៃហើយ

0

ភ្នំពេញ៖ លោក ស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានលើកឡើងថា ព្រះសង្ឍចំនួន ៤៦នាក់ គង់នៅវត្តស្វាយដង្គំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលនិមន្តមកពីតាមខេត្តនានា ដើម្បីសិក្សានៅសាលាពុទ្ធិកបឋមសិក្សាក្នុងវត្តនេះ កើតមានអាការៈក្តៅខ្លួន លើសពី ៣៧,៥អង្សារសេ (°C) ក្អក និងហៀរសំបោរ ប្រមាណ ៥-៦ថ្ងៃហើយ ។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់តាមបណ្ដាញ សង្គមតេឡេក្រាម នៅថ្ងៃទី១៤ កញ្ញានេះថា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានទទួលរបាយការណ៍ថា មានករណីសង្ស័យគ្រុនផ្តាសាយធំ បានកើតឡើងចំពោះព្រះសង្ឍចំនួន ៤៦នាក់ គង់នៅវត្តស្វាយដង្គំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ហើយមានព្រះអាការៈរោគដូចជា ក្តៅខ្លួនលើសពី​ ៣៧,៥ អង្សារសេ ក្អក និងហៀរសំបោរប្រមាណ ៥-៦ថ្ងៃមកហើយ ។

លោកស្រីបន្ថែមថា ក្នុងចំណោមព្រះសង្ឃទាំង ៤៦អង្គខាងលើ មានព្រះសង្ឍប្រហែល ជាងពាក់កណ្តាល បានជាសះស្បើយ បន្ទាប់ពីបានទទួលការព្យាបាល ពីក្រុមគ្រូពេទ្យខេត្តបាត់ដំបង។ ព្រះសង្ឍដែលនៅមាន រោគសញ្ញាសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យខេត្តបាត់ដំបង យកវត្ថុសំណាកព្រះសង្ឍចំនួន ២១អង្គនាក់ ផ្ញើរទៅធ្វើវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ រួចហើយដែរ កំពុងតែរងចាំលទ្ធផល ហើយមន្ទីរសុខាភិបាលខេត្តបាត់ដំបង ក៏បានធ្វើការអប់រំណែនាំព្រះសង្ឃ លោកតាអាចារ្យវត្ត និងគណគ្រប់គ្រងសាលាពុទ្ធិកៈនៅទីនោះ រួចហើយដែរ។

លោកស្រីគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ស្ថានភាពសុខភាព ព្រះសង្ឍដែលឈឺនោះ មានការវិវត្តទៅរកភាពល្អប្រសើរហើយ ដោយការសន្និដ្ឋាន បថមពីក្រុមគ្រូពេទ្យ គឺសង្ស័យជំងឺគ្រុនផ្តាសាយធំ ។

ដោយសារមានការសង្កេតកន្លងមកនេះ ឃើញថានៅមានការខ្វះចន្លោះ ក្នុងការអនុវត្តវិធានការសុខាភិបាល ក្នុងអំឡុងពេលកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនេះ ក្នុងនាមក្រសួងសុខាភិបាល លោកស្រីអ្នកនាំពាក្យក្រសួងសុខាភិបាល បានអំពាវនាវ និងក្រើនរំលឹកសារជាថ្មី ដល់បងប្អូនប្រជាលរដ្ឋទាំងអស់ ជាពិសេស លោកតាអាចារ្យ លោកតា-យាយជី គណៈគ្រប់គ្រងសាលាពុទ្ធិកៈ និងគណ:កម្មការគ្រប់គ្រង ទីវត្តអារ៉ាមនៅទូទាំងប្រទេស ព្រមទាំងពុទ្ធបរិស័ទ្ធទាំងអស់ ត្រូវបន្តអនុវត្តនូវវិធានការអនាម័យការពារខ្លួន ពីការចម្លងវីរុសកូវីដ-១៩ ការចម្លងគរុនផ្តាសាយធំ និងការចម្លងជំងឺឆ្លងផ្សេងៗទៀត ដោយអនុវត្តវិធានការ សាមញ្ញៗដូចតទៅ៖

១.រក្សាអនាម័យដៃស្អាតជានិច្ច ដោយលាងសម្អាតដៃញឹកញាប់ និងកុំយកដៃដែល មិនទាន់បានលាងសម្អាត ទៅប៉ះផ្ទៃមុខ មាត់ ឫច្រមុះ និងត្រូវឆាន់ ឫពិសារទឹក ក្តៅដាំពុះ និងចង្ហាន់ ឫម្ហូបអាហារត្រូវចម្អិនឲ្យបានឆ្អិនល្អ

២.ពាក់ម៉ាស់ ក្នុងករណីចាំបាច់ ជាពិសេសត្រូវពាក់ម៉ាស់ជាចាំបាច់ នៅពេលចូលទៅកាន់ទីវត្តអារ៉ាម ជួបជុំពុទ្ធបរិស័ទ ជាពិសេសមិនត្រូវជួបជុំគ្នាទ្រង់ទ្រាយធំ (ការប្រគេនចង្ហាន់ និងទេយ្យវត្ថុ ត្រូវធ្វើក្នុងក្រុមតូចៗ ទៅតាមក្រុមគ្រួសារនិមួយៗ) និងពេលសម្តែងព្រះធ៌ម

៣.រក្សាគម្លាតសុវត្ថិភាពបុគ្គល យ៉ាងតិចចម្ងាយបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ពីមួយម៉ែត្រកន្លះឡើងទៅ

៤.ជាពិសេសព្រះសង្ឃ ឫបុគ្គលដែលឈឺ មានរោគសញ្ញាផ្តាសាយ ឫមិនស្រួលខ្លួន ត្រូវសម្រាក និងនៅដាច់ដោយឡែក ដោយមិនត្រូវចូលរួមក្នុងពិធី ជួបជុំក្នុងសាលាឆាន់ ឫទទួលទេយ្យវត្ថុនៅក្នុង ទីកន្លែងណាមួយនៃវត្តអារ៉ាម ដែលអាចបង្កឲ្យមានការចម្លង បន្តគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់

៥.ត្រូវចៀសវាងការពុលចំណីអាហារ ការពុលស្រាសដោយប្រើប្រាស់ សាធារធាតុមេតាណុលដែល មិនត្រូវបច្ចេកទេស ចៀសវាងគ្រោះថ្នាក់ចរាចរ និងចៀសវាងការសេពគ្រឿងញៀន ៕