លួចមួយមិនគ្រប់ មួយយប់លួចពីរ

0

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីលួចរថយន្ដ ត្រូវកម្លាំងនគរបាលខណ្ឌចំការមន សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០។នេះបើយោងតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

អធិការនគរបាលខណ្ឌចំការមន លោក យិន សាន បានឲ្យដឹងថា ជនសង្ស័យ

ទី១៖ ឈ្មោះ បាន បុល អាយុ២៧ឆ្នាំ ស្នាក់នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ

និងទី២៖ ឈ្មោះ ឆាយ ម៉េងទី ហៅរាជ អាយុ១៧ឆ្នាំ ស្នាក់នៅក្រោយវត្តដំបូកខ្ពស់ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ។

ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញដកហូតបាន រថយន្តជនរងគ្រោះចំនួន២គ្រឿង ម៉ាកព្រូសទាំងពីរ ដែលពួកគេធ្វើសកម្មភាពលួចកាលពីយប់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ នៅសង្កាត់ទួលទំពូងទី១ និងសង្កាត់ទួលទំពូង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ពួកគេបានជិះរថយន្តម៉ាកព្រូស ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BH-2770 ជារថយន្តរបស់ឈ្មោះ បាន បុល ទៅលួចរថយន្ត ព្រូសពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BA-2766 នៅទីតាំងផ្ទះលេខ០១ តាមផ្លូវ១៧៣ ស្ថិតនៅភូមិ៤ សង្កាត់ទួលទំពូងទី២ ដោយប្រើប្រព័ន្ធផ្ដាច់ភ្លើង ហើយបើករថយន្តយកទៅលាក់ទុកនៅដីឡូតិ៍ក្នុង សង្កាត់ដង្កោ ខណ្ឌដង្កោ រួចក៏បន្តលួចរថយន្តព្រូសមួយគ្រឿងទៀត ពាក់ផ្លាកលេខភ្នំពេញ2AQ-7613 ដោយលួចមុខផ្ទះលេខ១២៨ ផ្លូវ៤៥០ភូមិ២ សង្កាត់ទួលទំពូងទី១។

ក្រោយបញ្ចប់ការសួរនាំ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០នេះ កម្លាំងជំនាញ បាននាំជនសង្ស័យ ទៅដកហូត រថយន្ដមួយគ្រឿងទៀត ដែលពួកគេជិះធ្វើសកម្មភាព នៅសង្កាត់អូឫស្សីទី៤ ខណ្ឌ៧មករា។

បច្ចុប្បន្នជនសង្ស័យ ត្រូវនគរបាលព្រហ្មទណ្ឌ កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ ខណៈរថយន្ ដដែលលួចបាន សមត្ថកិច្ចប្រគល់ ជូនជនរងគ្រោះវិញ៕