ភ្នំពេញ ៖ នគរបាលស្រុករមាសហែក បានឃាត់ខ្លួនបុរសម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ បន្ទាប់ពីធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូ ពីជនរងគ្រោះបានសម្រេច ហើយព្យាយាមបើកម៉ូតូគេចខ្លួន តាមបណ្តោយផ្លូវជាតិលេខ១៣ ។
យោងតាម អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ មានជនសង្ស័យ០២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក Honda Dream ពណ៌ខ្មៅ ប្រដាប់ដោយអាវុធខ្លីម៉ាករ៉ូឡូ ធ្វើសកម្មភាពចូលភ្ជង់យកម៉ូតូមួយគ្រឿង នៅចំណុចភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ដែលបម្រុងចេញពីផ្ទះ ។
សមត្ថកិច្ចបន្តថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង កម្លាំងនគរបាលស្រុករមាសហែក ដឹកនាំដោយ លោកវរសេនីយ៍ឯក សំ សំអុល អធិការនគរបាលស្រុករមាសហែក បានចេញអន្តរាគមន៍ភ្លាមៗ ដេញតាមក្រុមចោរ និងដាក់កម្លាំងពួនស្ទាក់ តាមគោលដៅសំខាន់ៗ ។
រហូតដល់ត្រង់ចំណុចភូមិមុន្នីប្រឹក្សា ឃុំត្រស់ ស្រុករមាសហែក កម្លាំងនគរបាលបានបើករថយន្តកៀរបក្ខពួកចោរម្នាក់ ដែលកំពុងបើកម៉ូតូទើបប្លន់បាន ពីជនរងគ្រោះ ប៉ុន្ដែពេលនេះជនសង្ស័យបានបាញ់មករថយន្ដនគរបាលចំនួន៣គ្រាប់ ទើបនគរបាលសម្រេច បើករថយន្តបំបុកម៉ូតូ ពីក្រោយបណ្តាលឲ្យដួល និងជ្រុះអាវុធ នៅលើថ្នល់ ។ ក្រោយមកជនសង្ស័យក៏រត់ចូលផ្ទះប្រជាពលរដ្ឋ ហើយត្រូវកម្លាំងនគរបាលហ៊ុមព័ទ្ធចាប់ជនល្មើសបានម្នាក់។
ជនសង្ស័យដែលចាប់ខ្លួនបាន ឈ្មោះ រ៉ាត់ សារ៉ាន់ ហៅចុន រ៉ាន់ ហៅតឿ អាយុ២៨ឆ្នាំ រស់នៅភូមិថ្មី ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បួងឃ្មុំ និងដកហូតម៉ូតូវត្ថុតាងបានមកវិញ ។ ជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួនបាត់ ។
បច្ចុប្បន្ន កម្លាំងនគរបាលជំនាញបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕





