ភ្នំពេញ ៖ សមត្ថកិច្ចនាយកដ្ឋានប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ចខណ្ឌដង្កោ កាលពីវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ នេះ បានចុះបង្ក្រាបទីតាំងផលិតឡេក្លែងក្លាយមួយកន្លែង ស្ថិតនៅមុខវិទ្យាល័យទួលអំពិល ផ្លូវលេខ២១៧ ឬ ផ្លូវចំការដូង ភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ ។
យោងតាម អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា ប្រតិបត្តិការនេះ មានការចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ និង មានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ផងដែរ ។
លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ថ្លែងថា ទីតាំងផលិតឡេក្លែងក្លាយនេះ គឺសមត្ថកិច្ចបានស្រាវជ្រាវ ស៊ើបអង្កេតជាច្រើនថ្ងៃមកហើយ ដោយក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនបុរស៤នាក់ ដើម្បីសាកសួរ ខណៈម្ចាស់ទីតាំងមានឈ្មោះ វឹង ជីហេង បានរត់គេចខ្លួនមុន ពេលសមត្ថកិច្ចចុះបង្ក្រាប ។
បច្ចុប្បន្ន សមត្ថកិច្ចសម្រេចបិទទីតាំងនេះ ជាបណ្តោះអាសន្នដើម្បី រង់ចាំបន្តនីតិវិធី នាពេលក្រោយ ៕





