ភ្នំពេញ៖ លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា តាមលក្ខណៈបច្ចេកទេស ការសាងសង់សួនច្បារចែកទ្រូងផ្លូវ ត្រូវរក្សាគម្លាតពី១,៥គីឡូម៉ែត្រ ទៅ២គីឡូម៉ែត្រ នៅក្រៅទីប្រជុំជន និងចន្លោះពី ៤០០ម៉ែត្រ ទៅ៧០០ម៉ែត្រនៅក្នុងទីប្រជុំជន។
លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យស្ថានភាពសាងសង់ ស្ពានរំលងផ្លូវជាតិលេខ៣ និងវឌ្ឍនភាពសាងសង់ផ្លូវជាតិលេខ៣ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួង អភិបាលរងខេត្តតាកែវ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ និងខេត្តកំពង់ស្ពឺ អភិបាលនៃគណៈអភិបាលស្រុកតាមដងផ្លូវ មន្ត្រីបច្ចេកទេស តំណាងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនប្រឹក្សាបច្ចេកទេសផងដែរ។
បេសកកម្មនេះធ្វើឡើងដើម្បី ពិនិត្យលក្ខណៈបច្ចេកទេស សាងសង់សួនច្បារខណ្ឌទ្រូងផ្លូវជាតិលេខ៣ ស្ពានរំលងផ្លូវជាតិលេខ៣ និងវឌ្ឍនភាពសាងសង់ផ្លូវជាតិលេខ៣ ក៏ដូចជាដើម្បីជួយសម្របសម្រួល និងដោះស្រាយបញ្ហាមួយចំនួន ដែលរាំងស្ទះដល់ការសាងសង់ របស់ក្រុមហ៊ុនផងដែរ។
គួរកត់សម្គាល់ផងដែរថា គម្រោងសាងសង់ផ្លូវជាតិលេខ៣ សម្រេចបាន ៨០% ហើយ មកដល់ពេលនេះ ក្រុមហ៊ុនកំពុងសាងសង់សួនចែកទ្រូងផ្លូវ និងស្ពានរំលងផ្លូវ។ ផ្លូវនេះត្រូវបានសាងសង់ ឡើងតាមបទដ្ឋានអន្តរជាតិ សម្រាប់ល្បឿនអតិបរមា ៨០គីឡូម៉ែត្រក្នុងមួយម៉ោង។
លោករដ្ឋលេខាធិការបានឱ្យដឹងថា ការសាងសង់សួនច្បារខណ្ឌទ្រូងផ្លូវនេះ មានសារសំខាន់ណាស់ ក្នុងការកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងបានរំលេចនូវ សោភណ្ឌភាពដងផ្លូវផងដែរ ហើយតាមលក្ខណៈបច្ចេកទេស ការសាងសង់សួនច្បារចែកទ្រូងផ្លូវ គឺត្រូវរក្សាចន្លោះទ្រូងផ្លូវ ត្រង់ចំណុចដែលមានផ្លូវធំឆ្លងកាត់ និងទីតាំងដែលមានការឆ្លងកាត់ច្រើន តែត្រូវរក្សាគម្លាតពីចន្លោះមួយ ទៅចន្លោះមួយទៀតពី ១,៥គីឡូម៉ែត្រ ទៅ២គីឡូម៉ែត្រនៅក្រៅទីប្រជុំជន និងចន្លោះពី ៤០០ម៉ែត្រ ទៅ៧០០ម៉ែត្រនៅក្នុងទីប្រជុំជន។
លោករដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា ការសាងសង់សួនច្បារខណ្ឌទ្រូងផ្លូវ មិនស្របតាមលក្ខណៈបច្ចេកទេស គឺជាបច្ច័យនាំឱ្យល្បឿន នៃការបើកបរថយចុះ បង្កការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលឱ្យខាតបង់ទ្រព្យសម្បតិ្ត ពិការ ឬបាត់បង់មនុស្សជាទីស្រឡាញ់របស់គ្រួសារ និងងាយធ្លាក់ចូលទៅក្នុង អន្ទាក់នៃភាពក្រីក្រជាដើម។
លោករដ្ឋលេខាធិការបានបង្ហាញថា ផ្លូវជាតិលេខបី (ពិសេសកំណាត់ផ្លូវពីចោមចៅ ទៅបែកគុស) គឺជាភូមិសាស្ត្រមានការអភិវឌ្ឍខ្លាំង បច្ចុប្បន្នកំណាត់ផ្លូវនេះអមដោយ ឧស្សាហកម្មរោងចក្រ សហគ្រាសតូចៗ និងមធ្យម ទីផ្សារ សាលារៀន និងវត្តអារាម ធ្វើឱ្យមានចរាចរណ៍មមាញឹកជារៀងរាល់ថ្ងៃ។
លោករដ្ឋលេខាធិការបានបន្តថា តាមរយៈកំណើនសេដ្ឋកិច្ច និងកំណើនប្រជាពលរដ្ឋ នៅថ្ងៃអនាគតតំបន់នេះ នឹងក្លាយទៅជាទីប្រជុំជនដ៏ធំមួយ ដែលរាជរដ្ឋាភិបាលត្រូវតែ យកចិត្តទុកដាក់សាងសង់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ឱ្យស្របតាមលក្ខណៈបច្ចេកទេស កំណើនយានយន្ត និងកំណើនប្រជាពលរដ្ឋ និងចក្ខុវិស័យរបស់ខ្លួនជៀសវាង ផលវិបាកនានាដែលអាចកើតមាន នៅពេលកំណើនប្រជាពលរដ្ឋ កាន់តែកើនឡើងនៅតំបន់នេះ។
លោករដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះការ យោគយល់ខ្ពស់របស់បងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវជាតិលេខ៣ ជាពិសេសបងប្អូនដែល មានទីលំនៅតាមបណ្ដោយផ្លូវនេះ ទាក់ទងនឹងការរំខាននានា ខណៈពេលកំពុងសាងសង់ ព្រមទាំងបានអំពាវនាវឱ្យចូលរួម សហការជាមួយរាជរដ្ឋាភិបាល ក៏ដូចជាជាមួយក្រុមហ៊ុនសាងសង់ ដើម្បីឱ្យការសាងសង់ ត្រូវតាមលក្ខណៈបច្ចេកទេស មានគុណភាពល្អ និងបញ្ចប់ការសាងសង់តាម គម្រោងដែលបានគ្រោងទុក ៕