ភ្នំពេញ៖ លោក Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានលើកសរសើរថា កម្ពុជាបានគ្រប់គ្រង ការរាតត្បាតជំងឺកូវីដ១៩ បានយ៉ាងល្អប្រសើរ ដែលរហូតមកដល់ថ្ងៃនេះ អ្នកជំងឺកូវីដ១៩ នៅកម្ពុជាបានជាសះស្បើយទាំងស្រុង ។ នេះបើយោងតាមគេហទំព័រ ហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន។
ការលើកសរសើររបស់ លោក Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅកម្ពុជាបានធ្វើឡើង ក្នុងជំនួបពិភាក្សាការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃសុក្រទី ១១ ខែកញ្ញា ឆ្នាំ២០២០ នេះ ។
ក្នុងជំនួបនោះ លោកស្រី Manika Jain បានគោរពសម្ដែងនូវការវាយតម្លៃខ្ពស់ ចំពោះការគ្រប់គ្រងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។
សូមរំលឹកថា គិតត្រឹមថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ អ្នកជំងឺកូវីដ១៩ នៅកម្ពុជាទាំង ២៧៤នាក់ បានជាសះស្បើយ ១០០% បន្ទាប់ពីអ្នកជំងឺចុងក្រោយគេបង្អស់ ត្រូវបានព្យាបាលជាសះស្បើយ ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានព្យបាលជាសះស្បើយ ១០០% លើកទី១ ម្តងរួចទៅហើយ ដែល នៅពេលនោះ ប្រទេសកម្ពុជាបានរកឃើញអ្នកជំងឺកូវីដ-១៩ សរុបចំនួន ១២២នាក់ប៉ុណ្ណោះ ៕


