ភ្នំពេញ៖ លោក ដួង តារា អនុរដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ឲ្យប្រយ័ត្នចាញ់បោកជនខិលខូច ដែលធានារត់ការចូលធ្វើជាប៉ូលីស ឬប៉េអឹមជាថ្នូរនឹងលុយកាក់។
លោក ដួង តារា បានសរសេរលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី១១ កញ្ញានេះ ក្នុងន័យដើមទាំងស្រុងថា «អោយលុយគេរត់ការ ធ្វើធំ ប្រយ័ត្នគេបោក! សូមបងប្អូនប្រយ័ត្នចាញ់បោក ជនខិលខូចដែលធានារត់ការធ្វើជាប៉ូលីស ឬប៉េអឹម ជាពិសេសក្នុងពេលកូវីដ១៩នេះ។ កាលពីម្សិលមិញមានប្អូនប្រុស អ្នកខេត្តម្នាក់បានមកសុំ អោយខ្ញុំជួយគាត់ផង ព្រោះមានជនខិលខូចម្នាក់ នៅភ្នំពេញបានបោកយក លុយគាត់អស់ជាង ៦ពាន់ដុល្លារ។ ជនខិលខូចនេះបានធានាជួយរត់ការ អោយគាត់បានធ្វើធំជាប៉ូលីស ឬជាប៉េអឹម។ ក្រោយពីជននោះបាន ទទួលលុយដល់ដៃហើយ ខលឈប់លើក ហើយព្យាយាមគេចមុខតែម្តង ។ ប្អូនប្រុសបានព្យាយាម ជួបជននេះតែជននោះគេចរហូតហើយ បង្ហើរពាក្យថា ទៅប្តឹងអ្នកណាក៏មិនខ្លាចដែរ។ ពេលគាត់បានខលជួប តាមទូរស័ព្វសុំយកលុយវិញ ជនខិលខូចនេះប្រាប់ថា ចាំថ្ងៃនេះ ចាំថ្ងៃនោះ ហើយគេចខ្លួនរហូតមក។ ខ្ញុំបានណែនាំប្រាប់អោយប្អូន ទៅដាក់ពាក្យបណ្តឹង នៅក្រសួងមហាផ្ទៃ បូលីសខ័ណ្ឌ និងនៅស្ថាប័នពាក់ព័ន្ធ ដើម្បីស្រាវជ្រាវវែកមុខជនខិលខូចនេះ យកមកផ្តន្ទារទោស កុំអោយដើរបោកប្រាសពលរដ្ឋទៀត។ សូមបងប្អូនកុំចាញ់បោកគេអោយសោះ ។ ខំសន្សំលុយបានខ្លះៗ មិនហ៊ានស៊ីចាយផង តែបែរជាអោយគេបោកបានស្រួលម៉េះ? ចាញ់បោកគេអស់លុយហើយ អាចមានទោសថែមទៀត ព្រោះតែវិធីសូកប៉ាន់នេះ។ កុំទម្លាប់អាក្រក់បុកលុយសូកប៉ាន់ ព្រោះអាចជួបរឿងបែបនេះ។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើង គ្រប់ទីកន្លែងដោយគ្មានការរើសអើង» ៕



