ថ្ងៃនេះមានដំណឹងមួយ ដែលធ្វើឲ្យនាយករដ្ឋមន្ត្រីកម្ពុជា ញញឹមបិទមាត់មិនជិត (Video)

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្ដែងនូវក្ដីសប្បាយរីករាយបំផុត ក្រោយពីទទួលដំណឹងពី ក្រសួងសុខាភិបាលថា អ្នកជំងឺកូវីដ១៩ ទាំង ២៧៤នាក់ បានជាសះស្បើយឡើងវិញ ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងតាមរយៈបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី១១ កញ្ញានេះថា «សុខសប្បាយជាទេ បងប្អូនជនរួមជាតិ? ខ្ញុំសូមចូលរួមរីករាយ ជាមួយដំណឹងពីក្រសួងសុខាភិបាល ដែលបានបញ្ជាក់ថា នៅក្នុងដំណាក់កាលទី២ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលមានអ្នកជំងឺ ២៧៤នាក់ គឺមកដល់យប់មិញនេះអ្នកជំងឺទី២៧៤ ដែលជាអ្នកជំងឺកូវីដ-១៩ចុងក្រោយ បានព្យាបាលជាសះស្បើយហើយ ។ នេះជាដំណឹងដ៏រីករាយបំផុត សម្រាប់កម្ពុជាយើង» ។

សម្ដេចតេជោ បន្ថែមថា ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ សូមបងប្អូនបន្តចូលរួមថែរក្សា សុខភាពអនាម័យឲ្យបានល្អ កុំអោយឆ្លងកូវីដ-១៩អោយសោះ។ សូមឧស្សាហ៍ដុសលាង សម្អាតដៃជាមួយសាប៊ូ ចឹល ទឹកអាល់កុល ហើយពាក់ម៉ាសនៅកន្លែងចាំបាច់ ដូចជានៅកន្លែងទីប្រជុំជន ដែលមានមនុស្សច្រើនអ៊ូអរ ដូចជាក្នុងពិធីបុណ្យ នៅតាមវត្តអារាមជាដើម។

សម្ដេច ក៏បានជូនពរបងប្អូនជនរួមជាតិ ឲ្យធ្វើដំណើរប្រកបដោយសុវត្ថិភាព និងសុខសប្បាយតាមផ្លូវ ជាពិសេសបានជួបជុំក្រុមគ្រួសារ ធ្វើបុណ្យទានក្នុងរដូវភ្ជុំបិណ្ឌ សប្បាយរីករាយទាំងអស់គ្នា នៅទូទាំងប្រទេស ។

សូមរំលឹកថា គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ អ្នកជំងឺកូវីដ១៩ នៅកម្ពុជាទាំង ២៧៤នាក់ បានជាសះស្បើយ ១០០% បន្ទាប់ពីអ្នកជំងឺចុងក្រោយគេបង្អស់ ត្រូវបានព្យាបាលជាសះស្បើយ ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានព្យបាលជាសះស្បើយ ១០០% លើកទី១ ម្តងរួចទៅហើយ ដែល នៅពេលនោះ ប្រទេសកម្ពុជាបានរកឃើញអ្នកជំងឺកូវីដ-១៩ សរុបចំនួន ១២២នាក់ប៉ុណ្ណោះ ៕