ការធ្វើពាណិជ្ជកម្មកម្ពុជា-វៀតណាម នឹងកាន់តែរីកចម្រើន ក្រោយច្រកព្រំដែនព្រៃវល្លិ៍ បើកយ៉ាងទូលាយ (Video)

0

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ការបើកច្រកព្រំដែនព្រៃវល្លិ៍ នឹងបើកឱកាសយ៉ាងទូលំទូលាយ ដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ រវាងប្រទេសទាំងពីរ បង្កើនការវិនិយោគ ក៏ដូចជាជំរុញការធ្វើ ពាណិជ្ជកម្មឆ្លងកាត់ព្រំដែន បង្កើតការងារធ្វើជូនប្រជាពលរដ្ឋ និងការទាក់ទាញភ្ញៀវទេសចរណ៍ ។

ក្នុងឱកាសចុះត្រួតពិនិត្យ វឌ្ឍនភាពការរៀបចំ ច្រកទ្វារព្រំដែនអន្តរជាតិ ព្រៃវល្លិ៍ និងពិនិត្យពិភាក្សាអំពី បញ្ហាប្រឈមនិងដំណោះស្រាយ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ នៅច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម កាលពីថ្ងៃទី១០ កញ្ញា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា បេសកកម្មនេះធ្វើឡើង ក្នុងគោលបំណងពិនិត្យវឌ្ឍនភាព ការរៀបចំច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ និងពិនិត្យពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយ ទាក់ទងនឹងការកកស្ទះចរាចរណ៍ ដោយសារការដឹកជញ្ជូនទំនិញ ឆ្លងកាត់ព្រំដែន នៅច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងស្វែងរិះរកនីតិវិធីអនុញ្ញាតឲ្យ រថយន្តដឹកទំនិញធ្វើចរាចរណ៍ តាមច្រកទ្វារព្រៃវល្លិ៍ជាបណ្ដោះអាសន្ន ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ នៅច្រកទ្វារព្រំដែនបាវិត-ម៉ុកបៃ ជាមួយភាគីវៀតណាម។

លោករដ្ឋមន្ត្រីបញ្ជាក់ថា «ការបើកច្រកព្រំដែនត្រង់ចំណុចព្រៃវល្លិ៍នេះ នឹងបើកឱកាសយ៉ាងទូលំទូលាយ ដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ រវាងប្រទេសទាំងពីរ បង្កើនការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន បង្កើតការងារធ្វើជូនប្រជាពលរដ្ឋ និងការទាក់ទាញភ្ញៀវទេសចរណ៍ ដែលកត្តាទាំងនេះ ជាកម្លាំងចលករ យ៉ាងសំខាន់ មិនអាចខ្វះបានក្នុងការលើក កម្ពស់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមរបស់ ប្រជាជាតិទាំងពីរផងដែរ» ។

លោកទេសរដ្ឋមន្ត្រី បន្ថែមថា ការជួបជុំនៅថ្ងៃនេះអាចប្រព្រឹត្តទៅបាន ដោយសារស្រុកយើងមានសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ ដូចនេះយើងទាំងអស់គ្នាសូមអរគុណសន្ដិភាព អរគុណនយោបាយ ឈ្នះឈ្នះ និងអរគុណសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាព និងការរស់រានមានជីវិតរបស់ប្រជាជាតិខ្មែរទាំងមូល ការអភិវឌ្ឍ និងការរីកចម្រើនលើគ្រប់វិស័យ ឥតឈប់ឈររហូតមកដល់ពេលនេះ។

លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានលើកឡើងផងដែរ អំពីគម្រោងសាងសង់ ពង្រីក និងលើកកម្ពស់កម្រិតគុណភាព ផ្លូវជាតិសំខាន់ៗនៅក្នុង ព្រះរាជាណាចក្រកម្ពុជា និងគម្រោងសាងសង់ហេដ្ឋា រចនាសម្ព័ន្ធសំខាន់ៗរួមមាន៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ផ្លូវដែកតភ្ជាប់កម្ពុជា វៀតណាម (ហូជីមិញ) ស្ពានស្ទឹងត្រង់ ស្ពានខេត្តក្រចេះ កំពង់ផែពហុបំណងខេត្តព្រះសីហនុ និងកំពង់ផែសមុទ្រទឹកជ្រៅ ដើម្បីជំរុញនិងលើកកម្ពស់វិស័យ ភស្តុភារកម្មកម្ពុជាឱ្យទៅជា មជ្ឈមណ្ឌលភស្តុភារកម្ម និងជាឃ្លាំងស្តុកទំនិញ របស់ប្រទេសជិតខាង ដោយហេតុថាកម្ពុជាស្ថិតក្នុងភូមិសាស្ត្រ ដ៏មានអំណោយផលមួយក្នុងតំបន់ និងជាច្រកដឹកជញ្ជូនទំនិញ ពីវៀតណាម-កម្ពុជា-ថៃ។

លោកទេសរដ្ឋមន្ត្រីបន្តថា ការចុះពិនិត្យវឌ្ឍនភាពការរៀបចំ ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ នេះគឺដើម្បីរិះរកនីតិវិធី បើកច្រកព្រៃវល្លិ៍ជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការដឹកជញ្ជូន ទំនិញឆ្លងកាត់ច្រកព្រំដែន កម្ពុជា-វៀតណាម និងកាត់បន្ថយការកកស្ទះចរាចរណ៍ នៅច្រកទ្វារព្រំដែនបាវិត-ម៉ុកបៃ ដែលបច្ចុប្បន្នកំពុងធ្វើឱ្យរាំងស្ទះ ខ្សែសង្វាក់ដឹកជញ្ជូនទំនិញ ខាតបង់ពេលវេលា និងថវិការបស់ប្រតិបត្តិករ ៕