ប្រមុខការទូតមេគង្គ-អាមេរិក នឹងបើកកិច្ចប្រជុំពិភាក្សា រិះរកមធ្យោបាយនានា ដើម្បីរួមចំណែកដល់ ការអភិវឌ្ឍក្នុងតំបន់ (Video)

0

ភ្នំពេញ៖ រដ្ឋមន្រ្តីការបរទេសមេគង្គ-សហរដ្ឋអាមេរិក នឹងបើកកិច្ចប្រជុំលើកទី១ ពិភាក្សារិះរកវិធី និងមធ្យោបាយ នានា ដើម្បីអាចឲ្យភាពជាដៃគូមេគង្គ-អាមេរិក រួមចំណែកដល់ការអភិវឌ្ឍ និងវិបុលភាពប្រកបដោយ ចីរភាពនៅក្នុងតំបន់ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី១០ កញ្ញានេះបានឲ្យដឹងថា តបតាមការអញ្ជើញរបស់លោក ផាម ប៊ិញមិញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសមេគង្គ-សហរដ្ឋអាមេរិក លើកទី១ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ ។

កិច្ចប្រជុំនេះ នឹងដឹកនាំដោយសហប្រធានលោក ផាម ប៊ិញមិញ និងលោក ម៉ៃឃើល ប៉ុមភីអូ រដ្ឋមន្រ្តីការបរទេស នៃសហរដ្ឋអាមេរិក។

កិច្ចប្រជុំ នឹងពិភាក្សារិះរកវិធី និងមធ្យោបាយនានា ដើម្បីអាចឱ្យភាពជាដៃគូមេគង្គ-សហរដ្ឋ អាមេរិក រួមចំណែកដល់ការអភិវឌ្ឍ និងវិបុលភាពប្រកបដោយ ចីរភាពនៅក្នុងតំបន់ ក៏ដូចជា ដើម្បីពង្រឹងភាពជាដៃគូ នៅក្នុងបណ្តាប្រទេសមេគង្គ និងសហរដ្ឋអាមេរិក ក្រោមក្របខ័ណ្ឌនៃភាពជាដៃគូថ្មីនេះ។

គួរកត់សម្គាល់ថា ភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក ត្រូវបានលើកកម្ពស់កម្រិត ពិភាក្សាពីគំនិតផ្តួចផ្តើមមេគង្គក្រោម (LMI)។ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-សហរដ្ឋអាមេរិក លើកទី១ នឹងផ្តល់កាលានុវត្តភាព ដល់បណ្តាប្រទេសមេគង្គ និងសហរដ្ឋអាមេរិក ពិនិត្យមើលឡើងវិញនូវ សមិទ្ធផលដែលសម្រេចបាននាពេលកន្លងមក ព្រមទាំងកំណត់ទិសដៅ អនាគតនៃភាពជាដៃគូនេះ​ ៕