ភ្នំពេញ៖ លោក ដួង តារា អនុរដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្ដែងនូវការអន់ចិត្តចំពោះ ក្រុមហ៊ុន Smart ដែលធ្វើឲ្យលោកខាតពេលវេលា ជាពិសេសបុគ្គលិកគ្មានសីលធម៌ ក្នុងការនិយាយស្ដី ។
លោក ដួង តារា បានសរសេរលើបណ្ដាញសង្គម ហ្វេសប៊ុក នៅថ្ងៃទី១០ កញ្ញានេះ ក្នុងន័យដើមទាំងស្រុងថា «ពេលបុណ្យទានអញ្ចឹងប្រាកដជា គ្រប់គ្នារីករាយក្នុងចិត្ត ព្រោះមានឱកាសបានធ្វើបុណ្យ កសាងកុសល និងអំពើល្អ។ Smart …បងប្អូនណាខ្លះប្រើស្មាត? ខ្ញុំក៏ជាអតិថិជនស្មាត (Smart) ម្នាក់ដែរ។ ខ្ញុំប្រើលេខស្មាតព្រោះតែជំនឿលើ smart telecom service ប៉ុន្តែជារៀងរាល់ខែ ខ្ញុំតែងតែជំពាក់លុយ smart។ ខ្ញុំពីមុនមិនដឹងទេថា ហេតុអីបានលេខខ្ញុំអត់ដំណើរការ គឺជារៀងរាល់ខែតែម្តងហើយ។ ខ្ញុំបានព្យាយាមខលផង និងទៅជួបមន្រ្តីស្មាត នៅការិយាល័យធំរបស់ smart ផង គាត់ថាលេខខ្ញុំជាប់ post paid service. ខ្ញុំថាដោះឲ្យខ្ញុំចេញទៅ ព្រោះបើខ្ញុំអត់សូវប្រើអ្វីផង ជំពាក់ស្មាតរៀងរាល់ខែបែបនេះ» ។
លោកបន្ថែមថា «ចំនួនទឹកលុយគឺមិនជាបញ្ហាធំដុំទេ ប៉ុន្តែបញ្ហាធំបំផុតនោះគឺក្រុមហ៊ុនស្មាត smart ផ្តាច់លេខខ្ញុំមិនឲ្យខលចេញចូលបាន ដោយអត់បានដឹងជាមុន សូម្បីខលទៅលេខ 888 ក៏ខលអត់ចូល ដែលធ្វើអោយប៉ះពាល់ ដល់ការងារបស់ខ្ញុំ។ តើបងប្អូនមានជួបបញ្ហា ដូចខ្ញុំដែរទេជាមួយស្មាត? ខ្ញុំសរសើរ Smart ស្មាតពូកែរកលុយពីអតថិជន តែសូមយកវិត្តទុកដាក់ ក្នុងការបម្រើអតិថិជនឲ្យបានល្អផង» ។
លោក ដួង តារា បញ្ជាក់ថា «ព្រឹកមិញខ្ញុំខលសួរពីបញ្ហដដែលៗ ហ្នឹងទៀត customer service បញ្ជូនខ្ញុំពីម្នាក់ទៅម្នាក់អោយខ្ញុំរង់ចាំជាង ២៣នាទី ហើយនៅតែគ្មានអ្នកជួយខ្ញុំដដែល។ Customer service បុរសដែលខ្ញុំនិយាយជាមួយ ព្រឹកមិញក៏គួរទទួលហ្វឹកហ្វឺន customer service skill បន្ថែម ជាពិសេស ផ្នែកសីលធម៌និយាយស្តី។ យើងចូលរួមជួយរិះគន់ស្ថាបនា Smart អោយក្លាយជា telecom ដែលជាទីទុកចិត្ត របស់អតិថិជនពិតប្រាកដ» ៕