ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដំឡើងប្រាក់ឈ្នួល ដល់កម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងចំនួន ១៩២ដុល្លារ សម្រាប់ឆ្នាំ២០២១ ខាងមុខនេះ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីការកំណត់ប្រាក់ឈ្នួល អប្បបរមាសម្រាប់កម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលជាយន្តការ និងតំណាងភាគីរាជរដ្ឋាភិបាលចំនួន ១៧រូប បានបើកកិច្ចប្រជុំដំបូងនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ និងបានបន្តកិច្ចប្រជុំរហូតដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។
ក្រោយការពិភាក្សាគ្នា ភាគីទាំងបី បានឯកភាពគ្នាជាឯកច្ឆន្ទគាំទ្រតួលេខ ១៩០ដុល្លារ ជាតួលេខប្រាក់ឈ្នួលអប្បបរមា ក្នុងមួយខែ សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២១។ ដូចនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល អប្បបរមាបានស្នើតួលេខចំនួន ១៩០ដុល្លារ ជូនលោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធ្វើការពិនិត្យសម្រេច លើប្រាក់ឈ្នួលអប្បបរមាសម្រាប់ កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និង ផលិតស្បែកជើង សម្រាប់ឆ្នាំ២០២១។
យោងរបាយការណ៍របស់ លោករដ្ឋមន្ត្រីក្រសួងការងារ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបន្ថែមទឹកប្រាក់ចំនួន ២ដុល្លារ លើទឹកប្រាក់ចំនួន ១៩០ដុល្លារ។ ដូច្នេះចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ បងប្អូនកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង នឹងមានប្រាក់ឈ្នួលអប្បបរមាចំនួន ១៩២ដុល្លារ ក្នុងមួយខែ ចំពោះកម្មករនិយោជិតពេញសិទ្ធិ និងចំនួន ១៨៧ដុល្លារ ក្នុងមួយខែ ចំពោះកម្មករនិយោជិតសាកល្បង។
ទន្ទឹមនឹងនេះ ប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ដែលកម្មករនិយោជិតធ្លាប់ ទទួលបានកន្លងមក ត្រូវបានរក្សាទុកនៅដដែល មានដូចជា ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន ៧ដុល្លារ ក្នុងមួយខែ, ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១០ដុល្លារ ក្នុងមួយខែ , ប្រាក់ថ្លៃបាយសម្រាប់ការ ធ្វើការងារបន្ថែមម៉ោងដោយស្ម័គ្រចិត្តចំនួន ២០០០រៀល ក្នុងមួយថ្ងៃ ឬការទទួលបាន បាយមួយពេលដោយឥតគិតថ្លៃ, និងប្រាក់រង្វាន់អតីតភាពការងារចំនួនពី ២ដុល្លារដល់ ១១ដុល្លារ ក្នុងមួយខែ សម្រាប់កម្មករនិយោជិត ដែលបានធ្វើការចាប់ពីឆ្នាំទី២ ដល់ឆ្នាំទី១១។ ដូចនេះ ជាមធ្យមកម្មករនិយោជិតម្នាក់ៗនឹងទទួល បានប្រាក់បៀវត្សយ៉ាងតិចចំនួនពី ២០៩ដុល្លារ ដល់២២០ដុល្លារ ក្នុងមួយខែ ។
ក្រសួងការងារ បានថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានរក្សាសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម និងដាក់ចេញនូវកម្មវិធី កែទម្រង់នានា សំដៅរក្សាឱ្យបាននូវ ភាពប្រកួតប្រជែងនៃប្រទេស និងជាមូលដ្ឋានគ្រឹះ ក្នុងការទាក់ទាញទុនវិនិយោគថ្មី និងការងារថ្មីៗ ដល់ប្រជាពលរដ្ឋ ជាពិសេសការដាក់ចេញនូវ កញ្ចប់វិធានការរបស់រាជរដ្ឋាភិបាលចំនួន ៥ជុំ ដើម្បីចូលរួមចំណែកបន្ធូរបន្ទុក ការរស់នៅរបស់ប្រជាពលរដ្ឋ ការជួយស្តារ និងជំរុញកំណើន សេដ្ឋកិច្ចនៅក្នុងបរិការណ៍ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩។
ក្រសួង ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានសម្រេចផ្តល់ប្រាក់បន្ថែមចំនួន ២ដុល្លារ លើ តួលេខដើមរបស់ក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមា ដែលការបន្ថែមនេះនឹង រួមចំណែកធ្វើឱ្យជីវភាពរស់ នៅរបស់បងប្អូនកម្មករ និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ក៏ដូចជាក្រុមគ្រួសារកាន់តែ មានភាពល្អប្រសើរឡើងជាងមុន ។
សូមបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ ដំឡើងប្រាក់ឈ្នួលដល់កម្មករ និយោជិតក្នុងវិស័យវាយនភណ្ឌកាត់ ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងជារៀងរាល់ឆ្នាំ ពោលគឺចាប់ពីឆ្នាំ១៩៩៧ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត មានចំនួនតែ ៤០ដុល្លារប៉ុណ្ណោះក្នុងមួយខែ រហូតដល់ឆ្នាំ២០២០នេះ ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិត នៅកម្ពុជាមានចំនួន ១៩០ដុល្លារក្នុងមួយខែ ៕