ភ្នំពេញ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន ក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងថា រយៈពេល៨ខែ ចាប់ខែមករា ដល់ខែសី ហា ឆ្នាំ២០២០ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលវិភាគទានសរុបចំនួន ១៥ ៩៤៩ ៤៧៤ដុល្លារអាមេរិក មានការថមថយបន្តិច បើធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩ ដោយសារឥទ្ធិពលជំងឺកូវីដ-១៩។
ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Markus Buerli ប្រធានទីភ្នាក់ងារសម្រាប់កិច្ចអភិវឌ្ឍន៍ និងស ហប្រតិបត្តិការស្វីស (SDC) ថ្មីប្រចាំកម្ពុជា ថ្មីៗនេះថា លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា ដើម្បីដោះ ស្រាយ និងទប់ស្កាត់ចំពោះ ផលប៉ះពាល់មកលើសេដ្ឋកិច្ច ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញ នូវវិធានមួយចំនួន។
លោកមានប្រសាសន៍ថា «ក្នុងរយៈពេល៨ខែ (មករា-សីហា) ឆ្នាំ២០២០នេះ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានវិភាគទានសរុបចំនួន ១៥ ៩៤៩ ៤៧៤ ដុល្លារអាមេរិក (រួមទាំងថវិកាដែល បរិច្ចាគផ្ទាល់នៅមន្ទីរពេទ្យ) គឺមានការថមថយបន្តិច បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ ដោយសារតែឥទ្ធិពលនៃជំងឺកូវីដ-១៩»។
ចំណែកលោក Markus Buerli ប្រធាន SDC បានកោតសរសើរអំពីវិធានការ ដែលដាក់ចេញដោយ រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ និងបានទទួលស្គាល់ថា មូលនិធិគន្ធបុប្ផាកម្ពុជា បានដើរតួនាទីយ៉ាង សំខាន់ក្នុងការចូលរួមចំណែក ផ្តល់ហិរញ្ញប្បទាន ដើម្បីរក្សាចីរភាពនៃកិច្ចដំណើរការ មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ។
លោក Markus Buerli បន្ដថា ក្រៅពីការបន្តជួយឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ នេះ រដ្ឋាភិបាលស្វីសបានអនុម័ត ថវិកាបន្ថែមទៀតចំនួន ២,៥ លាន ដុល្លារអាមេរិក ដល់កម្ពុជា ដោយផ្តោតលើការអនុវត្តកម្មវិធី ដូចជា ការបណ្តុះបណ្តាលជំនាញសម្រាប់រយៈពេលខ្លី ការអភិវឌ្ឍវិស័យកសិកម្ម និងការដាំដុះតាមផ្ទះ ជាដើម ៕