ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ត្រី ព្រំ ចាន់ណា ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលបន្ទុកកងអន្តរាគមន៍ពិសេស និងលោកវរៈសេនីយ៍ត្រី ឡុង ដារ៉ាវិជ័យ នាយរងការិយាល័យអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ទេរភារកិច្ចទៅក្រសួងមហាផ្ទៃវិញ ។
សូមរំលឹកថា យោងតាមលិខិតរបស់ ក្រុមកងកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ មិថុនា ដែលទើបបែកធ្លាយកាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា កងកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជិត ១០០នាក់ នាំគ្នាផ្ដិតមេដៃប្ដឹងទៅលោកឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ សុំធ្វើការតវ៉ាចំពោះការតែងតាំងលោកវរៈសេនីយ៍ត្រី ឡុង ដារ៉ាវិឆ័យ ជាមេបញ្ជាការកងអន្តរាគមន៍ ។

