ភ្នំពេញ៖ កាលពីពេលថ្មីៗនេះក្រុមអ្នក ស្រាវជ្រាវនៅសាកលវិទ្យាល័យ Columbia សហរដ្ឋអាមេរិក បានរកឃើញភាពចន្លោះប្រហោង នៅក្នុងការសរសេរកូដ (Crypto Bugs) សម្រាប់កម្មវិធីរបស់ប្រព័ន្ធប្រតិបត្តិការ Android ចំនួន៣០៦ ដោយប្រើប្រាស់កម្មវិធី ដែលគេបង្កើតឡើងហៅថា CRYLOGGER។
យោងតាមនាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យាបានឲ្យដឹងថា Crypto Bugs គឺជាភាពចន្លោះប្រហោង នៅពេលដែលអ្នកអភិវឌ្ឍន៍ កម្មវិធីមិនបានប្រព្រឹត្តទៅតាម លក្ខខណ្ឌនៅក្នុងការសរសេរកូដដូចជា ប្រើប្រាស់លេខសម្ងាត់ ដែលងាយនឹងស្មានដឹង និងមិនប្រើប្រាស់ប្រព័ន្ធ HTTPS ជាដើម ដែលបញ្ហាទាំងនេះអាចធ្វើឱ្យ ប៉ះពាល់ដល់អ្នកប្រើប្រាស់ និងឧបករណ៍របស់ពួកគេរង ការវាយប្រហារពីជនអនាមិក។
កាលពីខែតុលាឆ្នាំ២០១៩ ក្រុមអ្នកស្រាវជ្រាវបានសាកល្បង ប្រើកម្មវិធីរបស់ពួកគេដើម្បី ធ្វើការត្រួតពិនិត្យទៅលើកម្មវិធី Android ដែលពេញនិយមបំផុតចំនួន ១៧៨០ ហើយក្នុងនោះគេបាន រកឃើញកម្មវិធីចំនួន៣០៦ ដែលមិនបានប្រព្រឹត្តទៅតាម លក្ខខណ្ឌនៅក្នុងការសរសេរកូដ ដើម្បីការពារសុវត្ថិភាពរបស់ កម្មវិធីពីការវាយប្រហារផ្សេងៗ។
ផ្ទុយទៅវិញអ្វីដែលធ្វើឱ្យក្រុម អ្នកស្រាវជ្រាវមានការភ្ញាក់ផ្អើលខ្លាំងនោះគឺ នៅពេលដែលពួកគេទាក់ទង ទៅក្រុមអ្នកបង្កើតកម្មវិធីទាំងនោះ មានតែ ១៨នាក់ប៉ុណ្ណោះ ដែលបានទាក់ទងត្រឡប់មកពួកគេវិញ បន្ទាប់ពីទទួលបានអ៊ីមែលលើកដំបូង ចុងក្រោយមានតែ ៨នាក់ទេ ដែលនៅបន្តផ្ដល់យោបល់ ដែលមានសារៈប្រយោជន៍ ជាមួយនឹងការស្រាវជ្រាវ។ គួរបញ្ជាក់ផងដែរថា ក្រុមអ្នកស្រាវជ្រាវពុំបាន ធ្វើការផ្សព្វផ្សាយឈ្មោះរបស់កម្មវិធី ដែលមានបញ្ហាទាំងនេះទេ ដើម្បីចៀសវាងពីការ វាយប្រហារណាមួយនោះ៕