ឆ្មក់បង្រ្កាបរថយន្ត ដឹកលើសទម្ងន់បាន ១៥គ្រឿង លើផ្លូវជាតិលេខ៣១១ ស្រុកបាភ្នំ

0

ភ្នំពេញ៖ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារចល័តរបស់ក្រសួង ដោយមានការឯកភាពដោយ លោក សេង ឈួន និងលោក ឯក រដ្ឋ ដោយដឹកនាំដោយ លោកគឹម សាន់ សហការការដោយលោក ឌុច គន្ធា អភិបាលរងខេត្ត អភិបាលស្រុកបាភ្នំ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង និងប្រធានស្ថានីយអ្នកលឿង បានចុះត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើផ្លូវជាតិលេខ៣១១ ស្រុកបាភ្នំ ខេត្តព្រៃវែង។

ក្នុងកិច្ចប្រតិបត្តិការនេះ ក្រុមការងារត្រួតពិនិត្យរថយន្តដឹកខ្សាច់ ថ្ម និងក្បឿងចំនួន ១៩គ្រឿង និងឃាត់បានរថយន្តដឹកលើសទម្ងន់ចំនួន ១៥គ្រឿង ដែលដឹកលើសទម្ងន់ចាប់ពី ៦តោន ដល់ ២១តោន។ ចំពោះរថយន្តដែលបានដឹក លើសទម្ងន់កម្រិតកំណត់ចាប់ពី ២០តោនឡើងទៅ នឹងត្រូវពិន័យ និងរក្សារថយន្តទុកចាប់ពី ៣ខែ រហូតដល់ ១ឆ្នាំ ដែលអនុលោមតាមច្បាប់ផ្លូវថ្នល់ មាត្រាទី៦០។

ក្នុងកិច្ចប្រតិបត្តិការនេះថ្នាក់ដឹកនាំ ក៏បានពន្យល់ណែនាំដល់ម្ចាស់រថយន្ត ឲ្យយល់ពីច្បាប់នៃការដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ (ច្បាប់ផ្លូវថ្នល់) និងសំណូមពរកុំឲ្យដឹកជញ្ជូន លើសទម្ងន់បន្តទៀត ព្រោះការដឹកលើសទម្ងន់បានបង្ក មហន្តរាយដល់ផ្លូវជាតិ និងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ។ កិច្ចប្រតិបត្តិការនេះបានបញ្ចប់ នៅវេលាម៉ោង ៣រសៀល និងបន្តនីតិវិធីពិន័យគ្រោងនឹងបញ្ចប់ នៅម៉ោង៦ល្ងាច នៅថ្ងៃដដែល ៕