កម្ពុជា​ ស្វាគមន៍គម្រោងឌីជីថល ទាក់ទងនឹងវិស័យពាណិជ្ជកម្ម ដើម្បីសម្រេចបានគោលដៅ បង្កើតសេដ្ឋកិច្ចឌីជីថលនាពេលខាងមុខ (Video)

0

ភ្នំពេញ៖ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានធ្វើជាអធិបតីបើក វេទិការពាណិជ្ជកម្មអេឡិចត្រូនិកពិភពលោក ដែលសហការរៀបចំដោយ ក្រសួងពាណិជ្ជកម្ម និងរ៉ូយ៉ាល់គ្រុប (Royal Group) ដោយមានការចូលរួមដោយ ក្រុមការងារជំនាញរបស់រ៉ូយ៉ាល់គ្រុប និងមន្ត្រីពាក់ព័ន្ធ។

នៅក្នុងវេទិការនេះ ក្រុមការងារក្រុមហ៊ុន EZECOM ដែលជាក្រុមហ៊ុនមួយក្នុងសម្ព័ន្ធរ៉ូយ៉ាល់គ្រុប បានធ្វើបទបង្ហាញស្តីពី គម្រោងតំបន់ពាណិជ្ជកម្មសេរីឌីជីថល (Digital Free Trade Zone – DFTZ) ដែលជាគម្រោងកិច្ច សម្រួលពាណិជ្ជកម្មមួយ អាចជួយគ្រប់គ្រង ផ្ទុកទុក និងវិភាគទិន្នន័យដែលគ្មាន ក្រដាសស្នាមប្រកបដោយសុក្រឹតភាពខ្ពស់ ភាពប្រាកដប្រជា និងការចំណាយតិច សម្រាប់សកម្មភាពពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក។ លើសពីនេះ គម្រោងនេះក៏នឹងផ្តល់ ផលប្រយោជន៍ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឈានទៅសម្រេច បានគោលដៅប្រែក្លាយសេដ្ឋកិច្ចកម្ពុជា ទៅជាសេដ្ឋកិច្ចឌីជីថល នៅឆ្នាំ២០២៣។

ជាការឆ្លើយតប លោក សុខ សុភ័ក្ត្រ បានបង្ហាញការស្វាគមន៍ចំពោះ គម្រោងដ៏មានសារៈប្រយោជន៍នេះ តែតម្រូវឱ្យមានការពិគ្រោះយោបល់ ជាមួយក្រសួង-ស្ថាប័ន ពាក់ព័ន្ធជាមុនសិន។

លោករដ្ឋលេខាធិការ ក៏បានរំលេចពីដំណើរការរបស់កម្ពុជា ក្នុងការឈានទៅសម្រេច បានសេដ្ឋកិច្ចបែបឌីជីថល តាមរយៈការចុះហត្ថលេខា លើកិច្ចព្រមព្រៀងក្របខ័ណ្ឌ កិច្ចសម្រួលពាណិជ្ជកម្មដោយ គ្មានក្រដាសស្នាម ឆ្លងកាត់ព្រំដែននៅអាស៊ី និងប៉ាស៊ីហ្វិក កាលឆ្នាំ២០១៧ ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មអេឡិចត្រូនិកអាស៊ាន កាលពីឆ្នាំ២០១៩ ព្រមទាំងការដាក់ឱ្យដំណើរការ គម្រោងបញ្ជរតែមួយជាតិកម្ពុជា អនុលោមតាមផែនការបញ្ជរតែមួយអាស៊ាន លនិងល។

លើសពីនេះ លោកក៏បានលើកឡើងពីកំណែទម្រង់ របស់ក្រសួងពាណិជ្ជកម្មកម្ពុជាមួយចំនួន ពិសេសការដាក់ឱ្យដំណើរការ ការចុះបញ្ជីពាណិជ្ជកម្ម តាមប្រព័ន្ធអនឡាញ ការធ្វើស្វ័យប្រវត្តិកម្មក្នុងការស្នើសុំ វិញ្ញាបនប័ត្របញ្ជាក់ប្រភពដើមទំនិញ និងការបង្កើតច្បាប់ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក លនិងល ៕