យុវជនដែលនិយាយថា ប្រាសាទអង្គរវត្តមិនមែនជា របស់ខ្មែរត្រូវបានឃុំខ្លួន (Video)

0

ភ្នំពេញ៖ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តត្បូងឃ្មុំ បានចេញដីកាសម្រេច ឃុំខ្លួនជាបណ្តោះអាសន្ន យុវជនដែលនិយាយថា ប្រាសាទអង្គរវត្តមិនមែនជារបស់ខ្មែរ ដោយចោទប្រកាន់ពីបទ «ញុះញង់ឲ្យមានការ រើសអើងពូជសាសន៍» ។

សូមបញ្ជាក់ថា យុវជនបង្ហោះវីដេអូ Tik Tok និយាយថា ប្រាសាទអង្គរវត្តមិនមែនជា របស់ខ្មែរនេះមានឈ្មោះ ញ៉ែល ធារីណា ហៅ រី ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកតំបែរ បានធ្វើការស្រាវជ្រាវ និងចាប់ឃាត់ខ្លួន នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០។

យោងតាមដីកាបង្គាប់ របស់ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តត្បូងឃ្មុំ ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ បានបញ្ជាក់ថា «បញ្ជាឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ ញ៉ែល ធារីណា ហៅរី ទៅឃុំខ្លួននៅពន្ធនាគារខេត្តត្បូងឃ្មុំ ដែលអនុវត្តឲ្យបាន ត្រឹមត្រូវនីតិវិធីនៃច្បាប់»។

សូមជម្រាបថា តាមការបញ្ជាក់របស់ សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីបានសាកសួរ សាមីខ្លួនបានឆ្លើយថា មូលហេតុដែលយុវជននេះ ចេញវីដេអូដូច្នេះ គឺដោយសារចង់ឃើញ មតិប្រតិកម្មរបស់កូនខ្មែរ អំពីបញ្ហាទឹកដី និងចង់ល្បីតាម Tik Tok ដោយមិនមានការរៀបចំ ឬបង្គាប់ឲ្យនិយាយពីអ្នកណាទេ គេធ្វើដោយចិត្តឯង។

យុវជននេះអះអាងថា ចំណងជើងនៃវីដេអូនោះគេបានប្រើពាក្យថា អង្គរវត្តមិនមែនជារបស់ខ្មែរ ប៉ុន្តែជារបស់កម្ពុជា។ ក្រោយមានមតិរិះគន់ច្រើន រូបគេក៏បានលុបវីដេអូនោះចេញវិញ ហើយបានចេញវីដេអូថ្មី សុំទោសជាសាធារណៈ អំពីកំហុសដែលគេបាននិយាយ។

តាមការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថាជនរូបនេះ ទទួលបានការអប់រំតិចតួច ប៉ុន្តែចេះលេង Tik Tok ស្ទាត់ជំនាញ។ ក្រោយពីបានធ្វើតេស្តពិនិត្យទឹកនោម ដោយសមត្ថកិច្ចជំនាញគ្រឿងញៀន និងគ្រូពេទ្យស្រុក បានត្រួតពិនិត្យសុខភាព បានបញ្ជាក់ថា ជននេះ មិនមានសារធាតុញៀនក្នុងខ្លួន ហើយថែមទាំងមានសុខភាពប្រក្រតី ទាំងកាយសម្បទារ និងផ្លូវចិត្ត ប៉ុន្តែលក្ខណៈធម្មជាតិ អាចជាមនុស្សមានចរិតស្រី៕